Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាបញ្ជូនជនសង្ស័យ«បាញ់សម្លាប់អតីតតំណាងរាស្ត្រ»ទៅថៃវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ជនសង្ស័យមានឈ្មោះ Ekkalak Pheanol ជនជាតិថៃ ត្រូវបានចាប់ខ្លួន នៅខេត្តបាត់ដំបង របស់ប្រទេសកម្ពុជា បន្ទាប់ពីបានប្រព្រឹត្តពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះឈ្មោះ លឹម គឹមយ៉ា អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងកម្ពុជា ក្នុងទីក្រុងបាងកក នៅប្រទេសថៃ។ ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបញ្ជូនទៅប្រទេសថៃវិញ ដើម្បីបន្តនីតិវិធី តាមសំណើរបស់ភាគីថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ Ekkalak Pheanol ជនជាតិថៃ កើតឆ្នាំ១៩៨៣ ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក។ ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។

រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរកឃើញ និង ឃាត់ខ្លួនជនសង្ស័យរូបនេះ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ជនសង្ស័យ នឹងត្រូវបញ្ជូនទៅប្រទេសថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង