
ឥណ្ឌា៖ ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា (ICMR) នៅថ្ងៃច័ន្ទនេះបានបញ្ជាក់ថាប្រទេសឥណ្ឌាបានរកឃើញករណីពីរនៃករណីឆ្លងមេរោគផ្លូវដង្ហើយ Human Metapneumovirus (HMPV) ត្រូវបានរកឃើញនៅក្នុងទីក្រុង Karnataka ។ ដោយក្នុងនោះរកឃើញមេរោគផ្លូវដង្ហើមកើតមាននៅលលើទារកស្រីអាយុបីខែម្នាក់ដែលមានប្រវត្តិកើតជំងឺរលាកសួតត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ HMPV បន្ទាប់ពីបានចូលទៅមន្ទីរពេទ្យ Baptist ក្នុងទីក្រុង Bengaluru ហើយមួយករណីទៀតរកឃើញកើតមាននៅលើទារកប្រុសអាយុប្រាំបីខែដែលមានប្រវត្តិកើតរលាកទងសួតដូចគ្នាបានធ្វើតេស្តវិជ្ជមានចំពោះមេរោគ HMPV នៅថ្ងៃទី ៣ ខែមករា បន្ទាប់ពីបានចូលទៅមន្ទីរពេទ្យ។

មេរោគ HMPV Human Metapneumovirus (HMPV) គឺជាមេរោគផ្លូវដង្ហើមដែលជាធម្មតាបណ្តាលឱ្យមានរោគសញ្ញាដូចជាគ្រុនផ្តាសាយស្រាលទៅមធ្យម។ មេរោគនេះរីករាលដាលបំផុតក្នុងអំឡុងរដូវរងា និងដើមនិទាឃរដូវ ហើយត្រូវបានចម្លងជាចម្បងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយបុគ្គលដែលមានមេរោគ ឬផ្ទៃដែលមានមេរោគ។

មនុស្សឆ្លងមេរោគផ្លូវដង្ហើមនេះភាគច្រើនមានរោគសញ្ញាស្រាល រួមមាន ក្អក ហៀរសំបោរ ឬតឹងច្រមុះ ឈឺបំពង់ក និងក្តៅខ្លួន។ ជំងឺធ្ងន់ធ្ងរជាងនេះទៅទៀត ដូចជា ពិបាកដកដង្ហើម ស្អក ក្អក រលាកសួត។ ចំពោះកុមារដែលមានអាយុក្រោម ១ ឆ្នាំ មនុស្សចាស់ និងមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ HMPV អាចបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរជាងនេះរឺឈានទៅដល់ការស្លាប់បាត់បង់ជីវិត៕