
ថៃ៖ តារាសម្តែងល្បីជនជាតិចិនម្នាក់ដែលមានឈ្មោះថា Wang Xing បានបាត់ខ្លួននៅក្នុងប្រទេសថៃ ត្រូវបានរកឃើញក្នុងប្រទេសភូមា ហើយបច្ចុប្បន្នអាជ្ញាធរថៃកំពុងសម្រួលបញ្ជូនមកទឹកដីថៃវិញ។នេះបើយោងតាមប្រសាសន៍របស់លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ។
តារាសម្តែងជនជាតិចិន Wang Xing បានធ្វើដំណើរពីទីក្រុងសៀងហៃប្រទេសចិន ទៅប្រទេសថៃ ដើម្បីសម្តែងថតកុននៅទីនោះ។ពេលធ្វើដំណើរដល់ព្រលានយន្តហោះសុវណ្ណភូមិឡើងជិះយន្តហោះក៏វង្វេងផ្លូវដល់ព្រំដែនថៃ និងមីយ៉ាន់ម៉ា ហើយបានបាត់ខ្លួន។
តាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ The Nation បានរាយការណ៍ថា នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានបញ្ជាក់ថា តារាសម្តែងចិន Xingxing បានបាត់ខ្លួនពាក់ព័ន្ធនឹងការឆបោកតាមមជ្ឈមណ្ឌល ហៅទូរស័ព្ទរបស់មីយ៉ាន់ម៉ា ត្រូវបានរកឃើញ ហើយកំពុងរង់ចាំការផ្ទេរត្រឡប់ទៅអាជ្ញាធរថៃវិញ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោកស្រីនាយករដ្ឋមន្ត្រី បាននិយាយថា ក្រសួងការបរទេសថៃ បានធ្វើការទំនាក់ទំនងជាប្រចាំជាមួយរដ្ឋាភិបាលចិន ដើម្បីដោះស្រាយបញ្ហានេះ។ រដ្ឋាភិបាលថៃបានប្រគល់ភារកិច្ចឲ្យរដ្ឋមន្ត្រីការបរទេសសហការជាមួយប្រទេសផ្សេងទៀតលើបញ្ហាទាំងនេះ និង បានធានាថា ការបាត់ខ្លួនរបស់តារាប្រុសរូបនេះ នឹងមិនប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃឡើយ។
ក្រៅពីនេះនាយករដ្ឋមន្ត្រី បានពិភាក្សាអំពីគោលនយោបាយសន្តិសុខតាមអ៊ីនធឺណិតជាមួយមេដឹកនាំពិភពលោក ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មដូចនេះ និង ដោះស្រាយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅពេលមានឧបទ្ទវហេតុបែបនេះកើតឡើង៕