.jpeg?1736234397)
បាងកក៖ តារាសម្តែងល្បីជនជាតិចិនម្នាក់ដែលមានឈ្មោះថា Wang Xing បានបាត់ខ្លួននៅក្នុងប្រទេសថៃ ក្រោយពីរូបគេបានធ្វើដំណើរពីប្រទេសចិនទៅប្រទេសថៃ ដើម្បីសម្តែងថតកុននៅទីនោះ។បច្ចុប្បន្នករណីនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមរបស់ប្រទេសចិន។
យោងតាមបណ្តាញផ្សព្វផ្សាយរបស់ថៃ បានស្រង់សម្តីមេបញ្ជាការប៉ូលិសថៃថា តារាសម្ដែងចិន Wang Xing ដែលបានបាត់ខ្លួនកាលពីថ្ងៃទី ៣ ខែមករា ត្រូវបានរកឃើញនៅក្នុងប្រទេសភូមា។ហើយលោក Wang Xing ត្រូវបាននាំពីប្រទេសភូមាទៅប្រទេសថៃនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ២០២៥។
ចំណែកមិត្តស្រីរបស់ Wang Xing ឈ្មោះ Jiajia បានបង្ហោះសារសុំជំនួយតាមបណ្តាញសង្គម កាលពីថ្ងៃទី ៥ ខែ មករា ដោយបញ្ជាក់ថា Wang Xing បានទៅថៃ ដើម្បីថតភាពយន្ត ប៉ុន្តែបានបាត់ការទំនាក់ទំនងពេលទៅដល់ជិតព្រំដែនថៃ និងភូមា។ មានការសង្ស័យថា តារាសម្ដែងរូបនេះ ត្រូវបានចាប់បង្ខាំងនៅក្នុងតំបន់ល្បែងអនឡាញនៅប្រទេសភូមា។
យ៉ាងណាមិញ ករណីនេះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមប្រទេសចិន ដោយមានអ្នកតាមដានចំនួនរាប់រយលាននាក់៕