
ភ្នំពេញ៖ ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ និងកំពង់ចម្លងមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបញ្ចៀសចរាចរ និងផ្អាកជាបណ្តោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធពិធីទីទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។
ដើម្បីឱ្យការប្រារព្ធពិធីទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបផលផល ដល់វិថីឧកញ៉ាឈុន) កំណាត់តិរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់វិថីឧកញ៉ាឈុន) កំណាត់មហាវិថី ព្រះសុរាម្រឹត និងកំណាត់មហាវិថីព្រះសីហនុ (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបនាគបាញ់ទឹក) និងផ្អាកកំពង់ចម្លង ជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូត ដល់បញ្ចប់កម្មវិធី។

គួរបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:៣០នាទី គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧-មករា-១៩៧៩ ~០៧-មករា-២០២៥) នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ៕