Cctime 6monthsfree desktop
Cc times  web banner kh (2)

«​ទារក​»អាយុ​៧​ខែរួមទាំងម្តាយត្រូវ​ក្រុមគ្រូពេទ្យជួយ​សង្គ្រោះក្រោយសម្រាលដោយមិនដឹងខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តព្រះវិហារ៖ ស្ត្រីម្នាក់រួមទាំងទារកអាយុ៧ខែ ត្រូវបានក្រុមគ្រូពេទ្យជំនាញ បានជួយសង្គ្រោះទាន់ពេលវេលា ក្រោយពីស្ត្រីរូបនេះ បានឈឺពោះសម្រាលកូននៅផ្ទះដោយមិនដឹងខ្លួន ហើយផ្ទៃពោះទើបតែបាន ២៨សប្ដាហ៏ (ស្មើនឹង៧ខែ)។អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានចាត់ទុកករណីនេះ ជា​ការ​សង្គ្រោះ​ទារក​លើក​ទី១ ប្រចាំ​ឆ្នាំ​២០២៥​នេះ។

ស្រ្តីជាម្តាយមានឈ្មោះ ចេន អាន អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ​ បានឈឺពោះសម្រាលកូននៅផ្ទះរបស់គាត់ក្នុងភូមិម្រេច គឺជាផ្ទៃពោះកូនដំបូង ប៉ុន្តែផ្ទៃពោះទើបតែបាន ២៨សប្ដាហ៏ (ស្មើនឹង៧ខែ)។ការសម្រាលនេះ គឺនាងជាម្តាយមិនដឹងថាឈឺពោះសម្រាលកូនទេ ពេលទៅបត់ជើងតូចក៏សម្រាលភ្លាម ពេលនោះបងប្អូនឪពុកម្តាយ ក៏ហៅគោយន្ត​ និងរាយការណ៍ទៅក្រុមទ្រទ្រង់សុខភាពភូមិ​។

ក្នុងអំឡុងពេលក្រុមគ្រួសារបញ្ជូនមកមណ្ឌលសុខភាពតាមគោយន្ត។ ក្រុមរថយន្តគិលានសង្រ្គោះ និង ឆ្មបរបស់មណ្ឌលសុខភាពកោះកេរ្តិ​ បានជួបនឹងគោយន្ដដែលដឹកស្រ្តីនោះតាមផ្លូវ​ ឆ្មបក៏បានសង្គ្រោះទារកដែលទើបកើតដែលមានទំងន់តែ​ ១គីឡូក្រាមតែប៉ុណ្ណោះ ដោយរុំនឹងក្រណាត់ក្រាស់ៗ​ ដើម្បីឲ្យទទួលបាននូវភាពកក់ក្ដៅ និង បានធ្វើការទំលាក់សុក (placenta)។បន្ទាប់មកក្រុមគ្រូពេទ្យ​ បានបញ្ជូនស្រ្តីជាម្ដាយ និងទារក​ ទៅកាន់មណ្ឌលសុខភាពកោះកេរ្តិ ដើម្បីពិនិត្យ និងសំអាតស្បូន។ 

ដោយទារកមានទំងន់ទាបពេក(ទំងន់​ ១គីឡូក្រោម) មណ្ឌលសុខភាព នៅគៀកទៅនឹងខេត្តសៀមរាប លោកស្រីប្រធានមណ្ឌលសម្រេចចិត្តបញ្ជូនទាំងម្ដាយ និងទារក ទៅមន្ទីរពេទ្យគន្ធាបុប្ផានៅខេត្តសៀមរាប​ ដើម្បីបន្តការតាមដាន និងព្យាបាល ដោយរថយន្តគិលានសង្រ្គោះរបស់មណ្ឌលសុខភាព។ ទាំងម្ដាយ និងទារក​ ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា ខេត្តសៀមរាប ដោយសុវត្ថិភាព។

លោក​ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ​ចាត់​ទុក​ថា​ ជា​ការ​សង្គ្រោះ​ទារក​លើក​ទី១ ប្រចាំ​ឆ្នាំ​២០២៥​នេះ ដែល​ក្រុម​គ្រូពេទ្យ​​មណ្ឌល​សុខភាព​កោះ​កេរ្តិ៍​ ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះ​វិហារ បាន​ជួយ​សង្គ្រោះ​ស្ត្រី​អាយុ ១៨ ឆ្នាំ​ម្នាក់ ដែល​បាន​សម្រាល​កូន​អាយុ​ ៧ ខែ​​ កាល​ពី​ថ្ងៃ​ទី២ ខែ​មករា​នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង