ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាម៉េរិក ព្រោះទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាម៉េរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា។
បើតាមសេចក្ដីជូនដំណឹង ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាម៉េរិក ធនាគារជាតិនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ ពីអតិថិជនដោយរួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធគ្មានសំណងដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត។
ទន្ទឹមនឹងនេះ ធនាគារជាតិតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្ដល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិក៏បានអំពាវនាវដល់សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយកហើយក្នុងករណីមានការសង្ស័យថាក្រដាសប្រាក់ដុល្លារអាម៉េរិកនោះក្លែងក្លាយ ត្រូវផ្ដល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួនអំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាម៉េរិកពិតដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាម៉េរិកក្លែងក្លាយ៕