.jpg?1602564248)
ភ្នំពេញ៖ លោកវ៉ាងយី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈបន្តបង្កើនការវិនិយោគនៅប្រទេសកម្ពុជា។
លោកវ៉ាងយីបានជួបពិភាក្សារការងារជាមួយលោកប្រាក់សុខុនឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកាលពីថ្ងៃទី ១២កន្លងទៅនេះ។
លោកបាននិយាយថា ប្រទេសចិនមានឆន្ទៈបន្តបង្កើនការវិនិយោគនៅកម្ពុជា ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធឧស្សាហកម្មរបស់ខ្លួននិងបង្កើនសមត្ថភាពសម្រាប់ការអភិវឌ្ឍដោយខ្លួនឯង។
លោកវ៉ាងយីបានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជានឹងជំរុញឱ្យមានទំនុកចិត្តរបស់ប្រទេសទាំងឡាយ ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយក៏នឹងជួយសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងប្រទេសចិននិងកម្ពុជា ១០ ពាន់លានដុល្លារអាមេរិកមុនកាលកំណត់ផងដែរ។
លោកក៏បានមានប្រសាសន៍ថា ប្រទេសចិននឹងបន្តជួយដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ហើយបន្ទាប់ពីវ៉ាក់សាំងប្រឆាំងកូវីដ១៩ ត្រូវបានបង្កើតឡើងនិងប្រើប្រាស់បានជោគជ័យ នឹងផ្តល់អាទិភាពផ្ដល់ជូនប្រទេសកម្ពុជា។
លោកវ៉ាងយីបានមានប្រសាសន៍ថាប្រទេសចិនមានឆន្ទៈក្នុងការទំនាក់ទំនងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោកប្រាក់សុខុនបានមានប្រសាសន៍ថា ប្រទេសកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងកម្ពុជា-ចិន និងមានឆន្ទៈជំរុញការកសាង បង្កើតសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជានិងចិន។
លោកបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានគាំទ្រយ៉ាងខ្លាំងដល់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជានិងជម្រុញអោយមានការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។
រដ្ឋមន្រ្តីក្រសួងការបរទេសទាំងពីរបានឯកភាពគ្នាបើក“ច្រកចេញចូលឆាប់រហ័ស” សម្រាប់អោយប្រជាជនចេញចូលរវាងចិននិងកម្ពុជា និងបើក“ច្រកចេញចូលបៃតង”សម្រាប់ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ៕
.jpg?1602564295)
.jpg?1602564304)
.jpg?1602564309)
.jpg?1602564321)