អូស្តា្រលី៖ អ្នកស្រាវជ្រាវអូស្រា្តលីបានរកឃើញថាស្រ្តីដែលមានកំពុងតែមានផ្ទៃពោះ ហើយត្រូវបានឆ្លងជំងឺផ្តាសាយបក្សីអាចនឹងប្រឈមជាមួយនឹងការស្លាប់ទាំងម្តាយ ទាំងទារកនៅក្នុងផ្ទៃដោយអាត្រាការស្លាប់មានខ្ពស់ជាងមនុស្សធម្មតាដោយសារតែភាពផ្សាំរបស់ស្ត្រីដែលមានផ្ទៃពោះមានតិចជាងមនុស្សធម្មតា។ នេះបើយោងតាមការសិក្សាស្រាវជ្រាវក៏ដូចជារកឃើញរបស់លោកស្រី វេជ្ជបណ្ឌិត Rachael Purcell ពីប្រទេសអូស្រា្តលី។
យោងតាមលោកស្រីវេជ្ជបណ្ឌិត Rachael Purcell បានឲ្យដឹងថាស្ត្រីមានផ្ទៃពោះភាគច្រើនដែលឆ្លងជំងឺគ្រុនផ្តាសាយបក្សីនឹងស្លាប់ ហើយភាគច្រើននៃទារកដែលមិនទាន់កើតក៏នឹងមិនរស់រានមានជីវិតដែរ។ លោកស្រីបន្តទៀតថាជំងឺគ្រុនផ្តាសាយបក្សី A (H5N1) ដែលបង្ករដោយមេរោគគ្រុនផ្តាសាយប្រភេទ A កំពុងរីករាលដាលពាសពេញពិភពលោក និងមានការប៉ះពាល់ជាខ្លាំងដល់ស្រ្តីដែលមានផ្ទៃពោះ។
សម្រាប់លោកស្រីវេជ្ជបណ្ឌិតប្រព័ន្ធការពារស្ត្រីមានផ្ទៃពោះមិនដំណើរការល្អ និងមានភាពផ្សាំខ្លាំងដូចពីមុនឡើយដូចច្នេះអាត្រានៃការឆ្លង និងស្លាប់មានខ្ពស់ខ្លាំងជាងមនុស្សធម្មតា ហើយស្ត្រីមានផ្ទៃពោះដែលមិនបានចាក់វ៉ាក់សាំង ដែលឆ្លងមេរោគផ្សេងៗដូចជា Covid-19 ឬជំងឺគ្រុនផ្តាសាយតាមរដូវ ជារឿយៗឈឺជាងស្ត្រីដែលមិនមានផ្ទៃពោះ ក្នុងនោះមានករណី ៣០ ដែលបានឆ្លងជំងឺផ្តាសាយបក្សីចំពោះស្ត្រីមានផ្ទៃពោះមកពីប្រទេសចិន វៀតណាម កម្ពុជា និងសហរដ្ឋអាម៉េរិក។
លោកស្រីបានរកឃើញថា ៩០% នៃស្ត្រីមានផ្ទៃពោះដែលមានជំងឺផ្តាសាយបក្សីបានស្លាប់ ហើយទារកស្ទើរដែលនៅក្នុងពោះ (៨៧%) ក៏បានស្លាប់ផងដែរ ដោយមានទារកដែលនៅរស់ភាគច្រើនកើតមិនគ្រប់ខែ ហើយបច្ចុប្បន្ននេះ មិនមានវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ជំងឺគ្រុនផ្តាសាយបក្សីចំពោះមនុស្សនោះទេ ទោះបីជាវ៉ាក់សាំងសាកល្បងត្រូវបានបង្កើតឡើងសម្រាប់ការត្រៀមលក្ខណៈការពាររាតត្បាតជាសកលក៏ដោយ៕