
វៀតណាម៖ មន្ត្រីវៀតណាមជាន់ខ្ពស់ជាច្រើននាក់ត្រូវបានបញ្ជូនទៅកាត់ទោសនៅទីក្រុងហាណូយកាលពីថ្ងៃអង្គារពីបទពុករលួយ និងសម្របសម្រួលដឹកជញ្ជូនមនុស្សនៅក្រៅប្រទេសឲ្យត្រឡប់ចូលក្នុងប្រទេសវិញក្នុងកំឡុងពេលបិតខ្ទប់នៃជំងឺកូវីដ១៩។ ក្នុងសំណុំរឿងពុករលួយនេះមានទឹកប្រាក់ប្រមាណជាង ៩លានដុល្លារត្រូវបានប្រើប្រាស់ និងមនុស្ស ៥៤នាក់ត្រូវបានជាប់ឃុំ និងមានមួយចំនួនទៀតត្រូវបានតុលាការវៀតណាមកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត។
យោងតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress កាលពីឆ្នាំមុនមានមន្ត្រីវៀតណាមជាន់ខ្ពស់ និងអ្នកជំនួញចំនួន ៥៤ នាក់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទទទួល ផ្តល់ សំណូកសូកប៉ាន់ ក្នុងទំហំទឹកប្រាក់ដល់ទៅ ៩.៥លានដុល្លារអាម៉េរិក ក្នុងនោះមានទាំងអតីតមន្ត្រីជាន់ខ្ពស់បួនរូបនៅក្រសួងការបរទេស ក្រសួងសុខាភិបាល និងសន្តិសុខសាធារណៈ ត្រូវបានកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។

នៅក្នុងការសម្រេចរបស់តុលាការវៀតណាមនៅថ្ងៃអង្គារក្នុងចំណោមអ្នកទាំង ១៧ ដែលនៅសេសសល់និងរងការចោទប្រកាន់ពីបទសូកប៉ាន់ ការបំពានអំណាច និងការលាក់បាំងមនុស្សដែលធ្វើដំណើរចូលប្រទេសរួមមានមន្រ្តីក្រសួងដឹកជញ្ជូន មន្ត្រីខេត្ត ព្រមទាំងបុគ្គលិកក្រុមហ៊ុនទេសចរណ៍។

គួរបញ្ជាក់ថាឈានដល់កម្រិតខ្ពស់នៃជំងឺរាតត្បាតនៅដើមឆ្នាំ ២០២០ ប្រទេសវៀតណាមបានបិទព្រំដែនរបស់ខ្លួនស្ទើរតែទាំងស្រុងរារាំងពលរដ្ឋដែលវិលត្រឡប់មកវិញ ចៀសវាងការចម្លងមេរោគកូវីដទៅកាន់ពលរដ្ឋក្នុងស្រុក នៅពេលនោះអ្នកត្រលប់មកវិញត្រូវប្រឈមមុខនឹងនីតិវិធីចូលយ៉ាងស្មុគស្មាញ ជើងហោះហើរថ្លៃៗ និងថ្លៃដាក់ឱ្យនៅដាច់ពីគេមានតម្លៃខ្ពស់ ដូចច្នេះហើយឆ្លៀតឪកាសនេះមន្រ្តីពុករលួយវៀតណាមបានជួយសម្រួល និងយកថ្លៃមកមាតុប្រទេសចូលវៀតណាមវិញក្នុងទឹកប្រាក់ជាច្រើន ដោយមិនឲ្យបុគ្គលដែលចូលមកហើយធ្វើចត្តាឡីស័កថែមទៀតផង៕