Cctimesw1140xh150cm copy

ក្រសួងការងារចុះMOUលើគម្រោងបណ្តុះបណ្តាល«អ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត» ជាមួយជប៉ុន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុនប្រទេសជប៉ុន HONDA បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី«គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត» នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្តាលជំនាញឯកទេសជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។

គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្តនេះ មានសុពលភាពសម្រាប់រយៈពេល ៤ឆ្នាំ ដោយមានគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរលើការបណ្ដុះបណ្តាលជំនាញតោន និង បាញ់ថ្នាំស្របតាមស្ដង់ដារបស់ក្រុមហ៊ុន HONDA ប្រទេសជប៉ុន ដើម្បីវឹកហាត់ជំនាញនេះដល់សិស្សានុសិស្សរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឲ្យមានជំនាញកាន់តែប្រសើរ និងតាមស្តង់ដាជប៉ុន។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាសក្ខីភាពក្នុងការផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់ស្ថាប័នទាំងពីរ ពោលគឺសម្រាប់យុវជន យុវនារីកម្ពុជានឹងទទួលបានជំនាញ និងឱកាសបំពេញការងារក្នុងជំនាញតោន និងបាញ់ថ្នាំ ជាពិសេសជាងនេះទៀតនោះ គឺទទួលបានឱកាសក្នុងការស្វែងយល់ និងទទួលបានការបំផុសគំនិតនៃការរៀបចំអត្តចរិក និងការធ្វើការបែប «ភាពល្អឥតខ្ចោះ» របស់ជប៉ុន។ រីឯខាងក្រុមហ៊ុនវិញ ក៏នឹងទទួលបាននូវកម្លាំងពលកម្មវ័យក្មេងដែលមានសក្តានុពលខ្ពស់ មានជំនាញពិតប្រាកដ និងសមត្ថភាពពេញលេញ ដើម្បីបំពេញការងារនៅក្នុងក្រុមហ៊ុន នៅឯប្រទេសជប៉ុនផងដែរ។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺបានជួយរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយជ្រោមជ្រែង លើកកម្ពស់កម្មវិធី TVET ១,៥លាននាក់ តាមរយៈការចូលរួមបណ្តុះបណ្តាល ការបង្កើតកម្មវិធីសិក្សា ការផ្តល់សម្ភារៈ និងឧបករណ៍ចាំបាច់សម្រាប់ការបណ្តុះបណ្តាល ការផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការបញ្ជូនអ្នកជំនាញតោន និងបាញ់ថ្នាំ ជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈកិច្ចសហការនេះ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មិនត្រឹមតែទទួលបានឧបករណ៍បណ្តុះបណ្តាលកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍកម្មវិធីសិក្សាដ៏រឹងមាំ ដែលត្រូវបានរចនាឡើងស្របតាមស្តង់ដាឧត្តមភាពរបស់ប្រទេសជប៉ុន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងរួមចំណែកដោយផ្ទាល់ ក្នុងការលើកកម្ពស់ជំនាញរបស់សិក្ខាកាមរបស់យើង ដោយរៀបចំពួកគេសម្រាប់ទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង