Cctime 6monthsfree desktop
Cc times  web banner kh (2)

តើពាក្យបាលីដែលមាន ក/ន នៅខាងចុង «មគ្គុទ្ទេសក៍»និង«មគ្គុទ្ទេសន៍» ខុសគ្នានិងដូចគ្នាបែបណាខ្លះ?

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក អែម ឧត្តម ជាគ្រូបង្រៀនភាសាបាលី នៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានពន្យល់បកស្រាយពីសំណេរពាក្យបាលីឬអក្ខរាវិរុទ្ធបាលីដែលមាន ក/ន នៅខាងចុង ដែលបានចោទជាបញ្ហាសម្រាប់អ្នកសិក្សាភាសាខ្មែរ តែចំពោះអ្នកសិក្សាភាសាបាលីមិនចោទជាបញ្ហាឡើយ ព្រោះគេបានយល់ ច្បាស់ពីរបៀបប្រើ ក/ន ដែលបានប្រែរូបមកពីបច្ច័យ(ណ្វុ, យុ)នោះ ដូចមានជាឧទាហរណ៍ ពាក្យ មគ្គុទ្ទេសក៍និងមគ្គុទ្ទេសន៍ មោទកនិងមោទន ជាដើម។ បញ្ហានៅត្រង់ថា ពាក្យមួយចំនួននោះមិនត្រូវបានចារទុកក្នុងវចនានុក្រមខ្មែរ តែផ្ទុយទៅវិញ ទោះបីជាពាក្យខ្លះមិនត្រូវបានចារទុកក្នុង វចនាក្រមខ្មែរក៏ពិតមែន តែពាក្យទាំងនោះត្រូវបានគេប្រើក្នុងគម្ពីរដីកាបាលីរាប់រយ រាប់ពាន់ឆ្នាំមក ហើយ ឬថា បើទោះបីជាពាក្យខ្លះមិនមានមកក្នុងគម្ពីរដីកាបាលីមែន ក៏ក្បួនឬវិធីនៃការបង្កើតពាក្យ ទាំងនោះ គេបានអនុវត្តស្របទៅតាមការកំណត់នៃក្បួនឬវិធីនៃភាសានោះដែរ ដូចពាក្យ ឃាតករ ជាដើម។

បើតាមលោក អែម ឧត្តម របៀបប្រើបច្ច័យពីរគឺ(“ណ្វុ” ដែលប្រែរូបទៅជា “ក” ដូចមានក្នុង ពាក្យ មគ្គុទ្ទេសក/មគ្គុទ្ទេសក៍ និង “យុ” ដែលប្រែរូបទៅ ជា “ន” ដូចមានក្នុងពាក្យ មគ្គុទ្ទេសន/ មគ្គុទ្ទេសន៍) ក្នុងចំណោមបច្ច័យជាច្រើនរបស់ភាសាបាលីដែលទាក់ទងនឹងការបង្កើតពាក្យ។ តើ បច្ច័យទាំងពីរនោះមានរបៀបប្រើខុសគ្នានិងដូចគ្នាយ៉ាងណាខ្លះ? 

ពិនិត្យតាមវេយ្យាករណ៍បាលី 

ណ្វុ>ក ស្ថិតនៅក្នុងកិតប្បច្ច័យជាបច្ច័យសម្រាប់ប្រើ ដើម្បីបង្កើតពាក្យជាកត្តុរូប ហើយប្រើ បានតែកត្តុសាធនៈម្យ៉ាងក្នុងចំណោមសាធនៈចំនួន៧ ដូចពាក្យ ឧទ្ទេសក(<ឧ+ទិស៑+ណ្វុ=អ្នកប្រាប់ ឬអ្នកបង្ហាញ)ក្នុងពាក្យ មគ្គុទ្ទេសក ហើយពាក្យ មគ្គុទ្ទេសក នេះគេអាចញែកបំបែកជា មគ្គ+ ឧទ្ទេសក មគ្គ+ឧ+ ទិស៑+ណ្វុ = អ្នកប្រាប់ឬបង្ហាញផ្លូវឬអ្នកនាំផ្លូវ។

យុ>ន ស្ថិតនៅក្នុងកិតកិច្ចប្បច្ច័យជាបច្ច័យសម្រាប់ប្រើ ដើម្បីបង្កើតពាក្យជាកត្តុរូបក៏បានដូច ពាក្យ “សមណ”, ជាកម្មរូបក៏បានដូចពាក្យ “ទាន”, ជាភាវរូបក៏បាន ដូចពាក្យ ឧទ្ទេសន(<ឧ+ទិស៑ +យុ=ការប្រាប់ឬការបង្ហាញ)ក្នុងពាក្យ “មគ្គុទ្ទេសន” ហើយពាក្យ មគ្គុទ្ទេសន នេះ គេញែកបំបែកជា មគ្គ+ឧទ្ទេសនមគ្គ+ឧ+ទិស៑+យុ = ការបង្ហាញផ្លូវឬការនាំផ្លូវ។

ប្រភពពាក្យ

វចនានុក្រមខ្មែរទូទៅមានប្រើតែ មគ្គទេសក៍និងមគ្គុទ្ទេសក៍ មិនឃើញមានប្រើ មគ្គទេសន៍ និងមគ្គុទ្ទេសន៍ ទេ ហើយបានកំណត់និយមន័យថា :

មគ្គទេសក៍ : អ្នកសម្ដែងផ្លូវគឺអ្នកនាំផ្លូវ, ឯ មគ្គុទ្ទេសក៍ វិញ ចង្អុលឱ្យមើល មគ្គទេសក៍

គម្ពីរធម្មបទភាសាបាលីដែលមានអាយុកាលប្រមាណជាងមួយពាន់ឆ្នាំមកហើយ មានប្រើ ពាក្យ មគ្គទេសន និង មគ្គទេសក ហើយតាមអត្ថន័យនៅក្នុងសំណេរ ពាក្យទាំងពីរនោះមានរបៀប ប្រើផ្សេងគ្នាគឺ​ 

មគ្គទេសន សំដៅដល់ការប្រាប់ឬការបង្ហាញប្រាប់ផ្លូវ ឯ មគ្គទេសក សំដៅដល់មនុស្ស ឬបុគ្គលអ្នកប្រាប់ឬអ្នកបង្ហាញផ្លូវ។

បទានុក្រមធម្មបទបាលីបោះពុម្ពគ្រាទី២នៅឆ្នាំ១៩៦៨ រៀបរៀងដោយព្រះសាសនមុនីកិម តូរ នៅឆ្នាំ១៩៦២ ឃើញមានពាក្យ មគ្គុទ្ទេសន តែមិនឃើញពាក្យ មគ្គុទ្ទេសក ទេ ហើយអ្នក និពន្ធបានបំបែកពាក្យនោះជាពីរ (មគ្គ+ឧទ្ទេសន) ដែលប្រែជាភាសាខ្មែរថា កិរិយាសម្ដែងឡើងនូវ ផ្លូវ។

សទ្ទានុក្រមបាលីខ្មែរ រៀបរៀងដោយគណៈកម្មការស្រាវជ្រាវនិងរៀបរៀងសទ្ទានុក្រមបាលី-ខ្មែរឆ្នាំ២០១០ បានសរសេរស្រាយពាក្យ មគ្គុទ្ទេសន នេះជាជាបទរាយនិងជាបទរួមបែបបាលីថា មគ្គស្ស ឧទ្ទេសនំ > មគ្គុទ្ទេសនំ “ការបង្ហាញនូវផ្លូវ” (ទុតិយាតប្បុរិសសមាស)។

វចនានុក្រមអង់គ្លេស-បាលី បោះពុម្ពនៅឆ្នាំ១៩៥៥ និពន្ធដោយអគ្គមហាបណ្ឌិតពុទ្ធទត្ត មហាថេរ ត្រង់មេពាក្យ Guide អ្នកនិពន្ធបានប្រែទៅជាបាលីថា មគ្គុទ្ទេសក ឯពាក្យ guidanceវិញ អ្នកនិពន្ធបានប្រែទៅជាបាលីថា មគ្គុទ្ទិសន ហើយដែលពាក្យ មគ្គុទ្ទិសន នេះដូចគ្នានឹង មគ្គុទ្ទេសន ដែរ គ្រាន់តែមួយប្រើវិធីព្រឹទ្ធិ នៃទិស៑>ឯ, ឯមួយទៀតមិនព្រឹទ្ធិតែប៉ុណ្ណោះ ។

ពាក្យបាលីដែលចុះ “យុបច្ច័យ” ស្ដែងពីអំពើឬសកម្មភាព និងដែលចុះ “ណ្វុបច្ច័យ” ស្ដែងពី មនុស្ស មានចំនួនច្រើន ដែលយើងបានយកមកប្រើរួចហើយក្នុងភាសាខ្មែរ ដូចជា

 ឥណទាន និង ឥណទាយក គឺ ការឱ្យខ្ចី និង អ្នកឱ្យខ្ចី

 គិលានុបដ្ឋាន និង គិលានុបដ្ឋាក គឺ ការបម្រើអ្នកជំងឺ និង អ្នកបម្រើអ្នកជំងឺ

 ចរាចរណ៍ និង ចរាចរក គឺ ការដើរត្រឡប់ចុះត្រឡប់ឡើង និង អ្នកដើរត្រឡប់ចុះត្រឡប់ឡើង

 បរិភាសន និង បរិភាសក គឺ ការជេរប្រទេច និង អ្នកជេរប្រទេច

 សវន និង សាវក គឺ ការស្ដាប់ និង អ្នកស្ដាប់។ល។

ចំពោះពាក្យមួយចំនួនដែលមានលក្ខណៈដូចពាក្យខាងលើដែរ តែបែរជាមានតែមួយទៅវិញ

តើយើងធ្លាប់សួរខ្លួនយើងថា ហេតុអ្វីបានជាដូច្នោះដែរឬទេ? តើយើងគួរតែបញ្ចូលឱ្យមានតាមរបៀប ខាងលើដែរឬទេ? ខ្ញុំសូមលើកយកពាក្យ ជីវិតទាន មកជាឧទាហរណ៍ ហេតុអ្វីបានជា មានតែ “ការឱ្យជីវិត=ជីវិតទាន” ចុះ “អ្នកឱ្យជីវិត=ជីវិតទាយក” ម្ដេចក៏មិនមាន? ដូចគ្នានេះដែរ ហេតុអ្វី បានជាមានតែ “អ្នកបង្ហាញផ្លូវ=មគ្គុទ្ទេសក” ចុះ “ការបង្ហាញផ្លូវ=មគ្គុទ្ទេសន” ម្ដេចក៍មិនមាន? តើ កំហុសមកពីអ្នកធ្វើមុនឬមកពីយើងខ្ជិលស្រាវជ្រាវបន្ត ឬក៏មកពីយើងមិនចេះ ទើបមិនព្រមធ្វើឱ្យ មាន? ពាក្យ ឃាតករ មិនមានទាល់តែសោះនៅក្នុងគម្ពីរដីកាបាលី ហេតុអ្វីបានជាយើងបង្កើតប្រើ បាន ហើយថែមទាំងនិយាយពេញមាត់ថាពាក្យនឹងជាពាក្យ បាលី ទៀតនោះ?

ថ្មីៗនេះ បញ្ញវន្តខ្មែរបានប្រើពាក្យ មោទន បន្ថែមលើពាក្យ មោទក ដែលមានស្រាប់ នៅក្នុងពាក្យ មោទកភាព ជា មោទនភាព។ ពាក្យទាំងពីរនេះ សម្រាប់អ្នកដែលបានសិក្សាភាសាបាលី ច្បាស់លាស់មិនមានអ្វីចម្លែកនិងថ្មីនោះទេ ព្រោះពាក្យទាំងពីរនេះមានប្រើក្នុងភាសាបាលីរួចមក ហើយដែរ មិនតែប៉ុណ្ណោះ ពាក្យដែលកើតចេញពីឫស មុទ៑ នេះនៅមានច្រើនទៀតក្រៅពី មោទក មោទន គឺ មោទន្ត មោទមាន មោទិត មោជ្ជ មោទ មោទតិ។

លោក អែម ឧត្តម សង្ឃឹមថា តាមរយៈការបង្ហាញដ៏ខ្លីរបស់លោកនេះ នឹងបានជាចំណែកមួយជួយបើក ចិត្តអ្នកសិក្សាឱ្យមានទស្សនៈទូលំទូលាយ វែងឆ្លាយ និងប្រកបដោយហេតុផល ពិសេសនោះ ឱ្យ យល់ពីវិសាលភាពភាសាបាលីនិងវេយ្យាករណ៍បាលី ដែលយើងគួរតែសិក្សាស្វែងយល់ទាំងអស់គ្នា ដើម្បីប្រយោជន៍អក្សរសាស្ត្រជាតិយើង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង