
អាម៉េរិក៖ ជនសង្ស័យដែលមានឈ្មោះថា Luigi Mangione ជាប់ក្នុងបទការសម្លាប់នាយកប្រតិបត្តិរបស់ UnitedHealthcare (ប្រព័ន្ធសុខភាពអាម៉េរិក) ត្រូវបានក្រុមប៉ូលីសបញ្ជូនទៅកាន់ទីក្រុងញូវយ៉កវិញកាលពីថ្ងៃអាទិត្យ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតបន្ទាប់ពីរូបគេបានសម្លាប់នាយកប្រតិបត្តិប្រព័ន្ធសុខភាពអាម៉េរិក លោក Brian Thompson នៅក្នុងក្រុង Manhattan ។

នៅក្នុងការសម្លាប់នាយកប្រតិបត្តិនោះឃាតករវ័យ ២៦ឆ្នាំរូបនេះបានសំងំលាក់ខ្លួននៅក្បែរសណ្ឋាគារដែលនាយកប្រតិបត្តិប្រព័ន្ធសុខភាពអាម៉េរិកស្នាក់នៅ ហើយបានលួចឆ្មក់បាញ់ផ្តាច់ជីវិតនៅនឹងកន្លែងកាលពីថ្ងៃទី ៤ ខែធ្នូ ហើយរូបគេបានគេចខ្លួនទៅកាន់រដ្ឋរដ្ឋ Pennsylvania រូបគេបានអះអាងថាគេសម្លាប់រូបលោកចោលដោយសារតែសហរដ្ឋអាម៉េរិកមានប្រព័ន្ធសុខាភិបាលថ្លៃបំផុត។

ឃាតករ Luigi Mangione ដែលមានវ័យ ២៦ឆ្នាំ និងមានឪពុកម្តាយជាសេដ្ឋីអ្នកមានក្នុងសហរដ្ឋអាម៉េរិកនេះនឹងរងការបទចោទជាច្រើនប្រភេទពីតុលាការអាម៉េរិករួមមានការប្រើប្រាស់ Passport ក្លែងក្លាយក្នុងការកក់សណ្ឋាគារក្បែរនាយកប្រតិបត្តិប្រព័ន្ធសុខភាពស្នាក់នៅ ការកាន់កាប់កាំភ្លើង និងបទមនុស្សឃាតដែលរូបគេអាចនឹងត្រូវទទួលទោសប្រហារជីវិត។

Luigi Mangione ដែលរស់នៅក្នុងតំបន់ Towson រដ្ឋ Maryland ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៩ ខែធ្នូនៅពេលដែលមានគេរាយការណ៍អំពីវត្តមានរូបគេកំពុងតែអង្គុយញាំ McDonald's ក្នុងរដ្ឋ Pennsylvania ភ្លាមៗរូបប៉ូលីសក៏បានមកដល់ទីតាំងនិងធ្វើការចាប់ខ្លួនរូបគេដោយក្នុងខ្លួនគេប៉ូលីសបានឆែកឃើញកាំភ្លើងដែលគេប្រើសម្រាប់បាញ់ប្រហារនាយកប្រតិបត្តិប្រព័ន្ធសុខភាពអាម៉េរិក។

ក្រោយពីបានបាញ់សម្លាប់នាយកប្រតិបត្តិប្រព័ន្ធសុភាពអាម៉េរិកបានធ្វើឲ្យមានការវែកញ៉ែកជាច្រើនជុំវិញរឿងរ៉ាវពិតប្រាកដបន្ថែមនៃការបាញ់សម្លាប់របស់គេលើនាយកប្រតិបត្តិ រូបឃាតករជានិស្សិតពូកែគណិតវិទ្យា និងមានគ្រួសារយ៉ាងស្តុកស្តម ព្រមទាំងមានការងារជាអ្នកព័ត៌មានវិទ្យាទៀតតើហេតុអ្វីបានជាគេបាញ់សម្លាប់នាយកប្រតិបត្តិក្រោមហេតុផលថាសហរដ្ឋអាម៉េរិកមានប្រព័ន្ធសុខភាពថ្លៃបំផុតទៅវិញ៕
