Cctimesw1140xh150cm copy

ក្រសួងព័ត៌មាន៖«គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ»ជួយអ្នកសារព័ត៌មានពីហានិភ័យនៃបណ្ដឹងនានា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងពីការពង្រឹងគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវរបស់អ្នកសារព័ត៌មាន និង ថា «គុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈ» ជួយអ្នកសារព័ត៌មានពីហានិភ័យនៃបណ្ដឹងនានា។ការថ្លែងយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងពេលដែលកម្ពុជាបច្ចុប្បន្នសារព័ត៌មានមានច្រើន ហើយអ្នកសារព័ត៌មានមួយចំនួនធ្វើឱ្យប៉ះពាល់ដល់ឯកជនភាព និង ប្រឈមនឹងបណ្តឹងនានាជាដើម។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ ថា ការពង្រឹងជំនាញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងនោះមានសមត្ថភាពក្នុងការយកព័ត៌មាន ផលិត និង ផ្សព្វផ្សាយ មានសារៈសំខាន់ ដើម្បីធានាការផ្សាយព័ត៌មានផ្អែកលើប្រភពត្រឹមត្រូវច្បាស់លាស់ ខ្លឹមសារមានតុល្យភាព គ្រប់ជ្រុងជ្រោយ និង បានផ្តល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធក្នុងសាច់រឿងបានចូលរួមចំណែក។

បើតាមលោក ទេព អស្នារិទ្ធ  អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈគ្រប់ពេលដែលខ្លួនបំពេញការងារ។ ក្នុងន័យនេះ អ្នកសារព័ត៌មានត្រូវបង្កើនការស្វែងយល់ និង ពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមអំពីសិទ្ធិ តួនាទី និងករណីយកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកសារព័ត៌មាន។

លោកថ្លែងយ៉ាងដូច្នេះថា "សូមចងចាំថាក្នុងការអនុវត្តភារកិច្ច អ្នកសារព័ត៌មានមិនត្រូវដើរហួសដែនកំណត់នៃច្បាប់ និង សិទ្ធិនិងករណីយកិច្ចដែលខ្លួនមានក្នុងនាមជាអ្នកសារព័ត៌មានឡើយ ព្រោះការអនុវត្តជ្រុល ឬទង្វើហួសដែនកំណត់នៃច្បាប់នឹងនាំមកនូវផលវិបាក និង អាចនាំឱ្យប្រឈមនឹងការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬផ្នែកព្រហ្មទណ្ឌជាដើម"

គួរបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពដល់អ្នកសារព័ត៌មាន ក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២៤ បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសរុបចំនួន ២៣លើក ដល់អ្នកសារព័ត៌មានមកពីរាជធានី ខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាន និង ផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន និង នៅតាមក្រសួង-ស្ថាប័ន សរុបចំនួនប្រមាណជាង ៥ពាន់នាក់។ វគ្គបណ្តុះបណ្តាលទាំងនេះបានបំពាក់បំប៉នជំនាញនិពន្ធ ផលិត និងផ្សព្វផ្សាយព័ត៌មាន និង បានផ្តល់ចំណេះដឹងខាងវិស័យនានាក្នុងសង្គម ដើម្បីបង្កើនសមត្ថភាពឱ្យពួកគេផលិតនិងផ្សព្វផ្សាយព័ត៌មានគុណភាព និងសម្របខ្លួននិងផ្សាយខ្លឹមសារឆ្លើយតបនឹងតម្រូវការនិងការវិវត្តក្នុងសម័យឌីជីថល។

វគ្គបណ្តុះបណ្តាលក៏បានតម្រង់ទិសស្តីពីនិយាមវិជ្ជាជីវៈសារព័ត៌មាន ការប្រតិបត្តិក្រមសីលធម៌ ការគ្រប់គ្រងព័ត៌មាននិងការផ្សាយក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ដោយរាប់បញ្ចូលទាំងអក្ខរកម្មឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ ក្រសួងបានសហការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈឱ្យស្របតាមការវិវត្តិយ៉ាងលឿនក្នុងសង្គម។ កិច្ចសហការនេះនឹងរួមចំណែកលើកកម្ពស់ធនធានមនុស្ស និងកសាងអ្នកបន្តវេនប្រកបដោយគុណភាពសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ដោយផ្តោតលើការបណ្តុះសមត្ថភាព និងជំនាញពិតប្រាកដ ដើម្បីចូលរួមបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើវិស័យព័ត៌មាននៅកម្ពុជា។

លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាកត្តាដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គម ព្រោះការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពផ្តល់ព័ត៌មានដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ ខណៈចូលរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង