Cctimesw1140xh150cm copy

លោកបណ្ឌិត កៅ ថាច ចាត់ទុក«វិស័យសហគ្រិនភាព»ជាកម្លាំងចលករមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

បាត់ដំបង៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានចាត់ទុកវិស័យសហគ្រិនភាព ដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍន៍ផ្នែកសង្គម-សេដ្ឋកិច្ច ការបង្កើតឱកាសការងារថ្មី និងការជះឥទ្ធិពលវិជ្ជមានដល់ផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងក្នុងកម្មវិធី “ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី” ដែលរៀបចំឡើងនៅសណ្ឋាគាក្លាស៊ីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤នេះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍អាជីវកម្មដល់សហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិត កៅ ថាច បានចាត់ទុក វេទិកាសម្រាប់កិច្ចពិភាក្សាក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មីនេះ គឺចំពេលដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ និងសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ និងបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃវិស័យ សហគ្រិនភាព ដែលដើរតួជាកម្លាំងចលករមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍន៍ផ្នែកសង្គម-សេដ្ឋកិច្ច ការបង្កើតឱកាសការងារថ្មី និងការជះឥទ្ធិពលវិជ្ជមានដល់ផលិតផលក្នុងស្រុករបស់ប្រទេសកម្ពុជា។

លោកបណ្ឌិត កៅ ថាច បានសម្តែងនូវសុទិដ្ឋិនិយមថា កម្ពុជាអាចសម្រេចបានសមិទ្ធផលលើវិស័យសំខាន់ជាអាទិភាព រួមមានជាអាទិ៍៖ ការបង្កើតការងារ, ការលើកស្ទួយវិស័យឯកជន និង សហគ្រិនភាព, ការកសាងមូលធនមនុស្ស, ការលើកស្ទួយសេវាគាំពារសង្គម និង សុខុលមាលប្រជាជន, ការពង្រឹងចីរភាពបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ, ការជំរុញធ្វើបរិវត្តកម្មឌីជីថល ទាំងក្នុងសង្គម និងសេដ្ឋកិច្ច, ការស្តារនូវវិស័យជាចន្ទល់នៃកំណើនដែលមាន ស្រាប់ក៏ដូចជាការលើកកម្ពស់វិស័យសក្តានុពលថ្មីមួយចំនួនទៀត រួមទាំងការវិនិយោគលើសហគ្រាសធុនមីក្រូ តូច និង មធ្យម និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ។

បន្ទាប់មក លោកបណ្ឌិតក៏បានធ្វើបទបង្ហាញពីទស្សនវិស័យសេដ្ឋកិច្ចសកល ដែលកំពុងតែមានភាពមិនច្បាស់លាស់ ក្រោយវិបត្តិកូវីដ១៩ គឺបង្កឡើងដោយសារតែភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាង ចិន និងសហរដ្ឋអាម៉េរិក ការរឹតបន្តឹងនៃគោលនយោបាយហិរញ្ញវត្ថពិភពលោក ព្រមទាំងបានលើកឡើងពីទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ជាមួយកំណើន៦,៣%។

ចុងក្រោយ លោកបណ្ឌិត កៅ ថាច បានបង្ហាញគន្លឹះមួយចំនួនក្នុងការត្រៀមខ្លួនសម្រាប់អាជីវកម្មថ្មី ពិសេសវិស័យអាទិភាពសម្រាប់ការវិនិយោគក្នុងប្រទេសកម្ពុជា ដូចខាងក្រោម៖

១. បន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យកសិកម្ម ពិសេសការវិនិយោគទៅ លើបច្ចេកទេសនៃការធ្វើកសិកម្មប្រកបដោយចីរភាព

២. ចាប់យកឱកាសនៃការវិវត្តវិស័យបច្ចេកវិទ្យា ដែលកំពុងតែផ្តល់កាលានុវត្តភាព លើនវានុវត្តន៍អាជីវកម្មថ្មី (Innovative Business Solutions) ដូចជា Payment, E-Commerce, Information-enabled Business Services, និង Cloud-Service ជាដើម។

៣. បន្តតាមដាន និងវិភាគលើការវិវត្តនៃវិស័យកម្មសាន្ត (មិនមែនកាត់ដេរ) ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជា Semiconductors និង Industrial Electronics ជាដើម។

៤. ចាប់យកឱកាសនៃការវិនិយោគទៅលើអាជីវកម្មបៃតង (Green Business)៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង