អាម៉េរិក៖ ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានប៉ាន់ស្មានថា ប្រទេសចិន អាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការលើសពី ៦០០ ក្បាលនៅពាក់កណ្តាល ឆ្នាំ ២០២៤ នឹងអាចមានច្រើនជាង ១,០០០ នៅឆ្នាំ ២០៣០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិអាម៉េរិក បានចេញផ្សាយនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤។
លោក Michael S. Chase ឧបការីរងរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកទៅលើចិន បានគូសបញ្ជាក់ថា ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរបស់ចិន កំពុងតែមានការវិវឌ្ឍន៍លឿនរហ័ស ហើយកំណើនអាច នឹងកើនមានកាន់តែច្រើននៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយក្នុងនោះប្រទេសចិនក៏បានធ្វើការអភិវឌ្ឍន៍គុណភាពកាន់តែប្រសើរជាងមុននៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន។
លោក Michael S. Chase បានគូសបញ្ជាក់ទៀតថា ប្រទេសចិនកំពុងតែអភិវឌ្ឍន៍ដល់បីផ្នែកនៃកម្មវិធីនុយក្លេអ៊ែរ រួមមានកងទ័ពជើងទឹក PLA មាននាវាមុជទឹកមីស៊ីលផ្លោង យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និង មីស៊ីលបំពាក់ក្បាលនុយក្លេអ៊ែរ ដែលមានសមត្ថភាពខ្ពស់ខ្លាំង ។
លោកបានអះអាងទៀតថា ចិនកំពុងតែវឌ្ឍនភាពទៅរកចំណុចសំខាន់នៃសមត្ថភាពឆ្នាំរបស់ខ្លួនក្នុងឆ្នាំ ២០២៧ និង កំពុងតែព្យាយាមធ្វើទំនើបកម្មសព្វាវុធយោធារបស់ខ្លួនដើម្បីប្រឹងប្រែងបង្រួបបង្រួមតៃវ៉ាន់របស់បក្សកុម្មុយនិស្តចិន ហើយនៅឆ្នាំ ២០៣៥ (People's Liberation Army) កងទ័ពរំដោះប្រជាជន អាចបញ្ចប់កិច្ចខិតខំប្រឹងប្រែងទំនើបកម្មរបស់ខ្លួន និង ឈានទៅដល់គោលដៅធំចុងក្រោយនោះគឺយោធាលំដាប់ពិភពលោកក្នុងឆ្នាំ ២០៤៩៕