681 ezgif.com resize
Swift cc time

ប្រធានាធិបតីអ៊ុយក្រែនអញ្ជើញ សម្តេច ហ៊ុន សែន ទៅទស្សនកិច្ច

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូត ប្រទេសអ៊ុយក្រែន និង សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ភ្នំពេញ៖សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ១៧ ធ្នូនេះ បានជួបពិភាក្សាការងារជាមួយ លោក អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន។ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ពាំនាំការអញ្ជើញរបស់ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ចំពោះសម្តេច ហ៊ុន សែន ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។ការអញ្ជើញនេះ ត្រូវបានសម្តេច ហ៊ុន សែន ប្រកាសទទួលយក។

កិច្ចជួបរវាងសម្តេច ហ៊ុន សែន ជាមួយរបស់មន្ត្រីការទូតអ៊ុយក្រែន គឺធ្វើឡើង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដោយចាប់ផ្តើមដំបូង សម្តេច ហ៊ុន សែន សម្តែងការសោកស្តាយចំពោះ សោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបានកើតឡើងនៅអ៊ុយក្រែន ក្នុងរយៈកាល ៣ឆ្នាំកន្លងទៅនេះ។សម្រាប់សម្តេច កម្ពុជាស្គាល់ច្បាស់ផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាម ហើយ សម្តេច ដឹងយ៉ាងប្រាកដថា “មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ”។ 

លោក អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូតអ៊ុយក្រែននៅកម្ពុជា សម្តែងនូវការដឹងគុណចំពោះកម្ពុជា ដែលបានជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនជាច្រើនលើក ហើយក៏បានសង្កត់ធ្ងន់ថា ជំនួបថ្នាក់ដឹកនាំរបស់អ៊ុយក្រែន និងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសជាមួយ សម្តេច ហ៊ុន សែន នាពេលកន្លងមក សបញ្ជាក់ឱ្យឃើញអំពីទំនាក់ទំនងល្អនៃប្រទេសយើងទាំងពីរ។លោក បានពាំនាំការអញ្ជើញរបស់ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ចំពោះសម្តេច ហ៊ុន សែន ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយសូមទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នាពេលវេលាសមស្របខាងមុខ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេច នៅទីក្រុងគៀវ កាលឆ្នាំ១៩៨១។បន្ថែមពីនេះ បានបញ្ជាក់ថា កម្ពុជានឹងបន្តយន្តការគាំទ្រ និងបណ្តុះបណ្តាលអ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន៕

Khcct banner

អត្ថបទទាក់ទង