Cctimesw1140xh150cm copy

អ្នកព័ត៌មានAFPចោទសួរក្រសួងការបរទេសចិនមានយោបល់យ៉ាងណាចំពោះការចូលចតនាវាចម្បាំងអាម៉េរិកនៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន

ចិន៖ បច្ចុប្បន្ននេះ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) និង នាវិក បាននិងកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្រោយបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ធ្នូ។ ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មាន AFP បានចោទសំណួរទៅកាន់មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។

ក្នុងសំណួរនោះ បានចោទសួរថា នាវាចម្បាំងអាម៉េរិកមួយគ្រឿង បានមកដល់ប្រទេសកម្ពុជា ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីមូលដ្ឋានទ័ពជើងទឹករាម ដែលត្រូវបានជួសជុលដោយចិន។ នេះជាលើកទី១ ហើយ ដែលនាវាចម្បាំងអាម៉េរិកមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល ៨ ឆ្នាំមកនេះ។ តើចិនមានយោបល់យ៉ាងណា ចំពោះរឿងនេះ?

ជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងបានកត់សម្គាល់ឃើញរបាយការណ៍ពាក់ព័ន្ធ។ ប្រទេសចិនប្រកាន់ខ្ជាប់ថា ការផ្លាស់ប្តូរសន្តិសុខ ការពារជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាគួរតែមានលក្ខណៈអំណោយផលដល់ការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ជាជាងផ្ទុយពីនេះ។»

គួរបញ្ជាក់ថា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) មាននាវិកសរុបចំនួន១០៣ នៅព្រឹកថ្ងៃទី១៦ ធ្នូ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និង អាម៉េរិក។ នេះគឺជាលើកទី១ ក្នុងរយៈពេល ៨ឆ្នាំ ដែលនាវាចម្បាំងសហរដ្ឋអាម៉េរិកមានវត្តមានសំចតនៅកំពង់ផែកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៧មក កម្ពុជាបានទទួលឱ្យនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ចូលសំចតសរុបចំនួន ២៧គ្រឿង៕

រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា
រូបភាព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង