វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ បានប្រកាសកញ្ចប់ថវិកាជំនួយថ្មី ៥០០លានដុល្លារនៃជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែនក្នុងការបន្តច្បាំងជាមួយនិងយោធារុស្ស៊ី។ នេះបើតាមការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក។
បើតាមរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថាសហរដ្ឋអាម៉េរិកកំពុងផ្តល់កញ្ចប់ជំនួយសំខាន់មួយទៀតនៃសព្វាវុធ និងឧបករណ៍យោធា ដល់ដៃគូអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារអាម៉េរិក ដែលជាជំនួយក្នុងឲ្យអ៊ុយក្រែនប្រឆាំងនឹងការវាយប្រហារដែលកំពុងបន្តរបស់រុស្ស៊ី។
ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានឲ្យដឹងថាប្រធានាធិបតី Joe Biden បានបញ្ជាក់យ៉ាងច្បាស់ថាអាម៉េរិកនឹងបន្តផ្តល់កញ្ចប់ជំនួយបន្ថែមទៀតរហូតដល់ចុងបញ្ចប់នៃអាណត្តិរបស់លោកចូបៃដិន៕