វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានប្រកាសផ្តល់រង្វាន់ ១០ លានដុល្លារដល់អ្នលដែលអាចផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនជនអនាមិក(HACKER)ជាជនជាតិចិនម្នាក់ និងអ្នករួមគំនិតលួចចូលកាន់កាប់ទិន្នន័យរបស់សហរដ្ឋអាម៉េរិក។ តាមសេចក្តីប្រកាសរបស់ FBI អាម៉េរិក ជនល្មើសជនជាតិចិនមានឈ្មោះថា Guan Tianfeng អាយុ ៣០ ឆ្នាំកំពុងតែរស់នៅក្នុងខេត្ត Sichuan របស់ប្រទេសចិន ហើយប្រសិនបើនរណាម្នាក់អាចប្រាប់ពីកន្លែងគេស្នាក់នៅពិតប្រាកដបានក្នុងប្រទេសចិន និងឈានរហូតដល់ការចាប់ខ្លួននោះអាម៉េរិកនឹងផ្តល់រង្វាន់១០លានដុល្លារ។
រតនាគារសហរដ្ឋអាម៉េរិកបានអះអាងថាខ្លួនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនលោក Guan ធ្វើការឱ្យនោះគឺក្រុមហ៊ុន Sichuan Silence Information Technology ។ លោក Guan និងអ្នករួមគំនិតនៅក្នុងក្រុមហ៊ុន Sichuan Silence ត្រូវបានចោទប្រកាន់ថាចូលកាន់កាប់ទិន្នន័យមួយចំនួនរបស់សហរដ្ឋអាម៉េរិក។
ក្នុងការឆបោកនេះក្រុម HACKER ទាំងនេះបានបង្កើតមេរោគដែលត្រូវបានរចនាឡើងដើម្បីលួចព័ត៌មានពីជនរងគ្រោះនៅជុំវិញពិភពលោក ដោយមានទិន្នន័យជនរងគ្រោះជាច្រើនម៉ឺននាក់ត្រូវបានគេលួចយកទៅលក់ចាប់តាំងពីឆ្នាំ ២០២០ មក៕