វ៉ាស៊ីនតោន៖ សេតវិមាននៃសហរដ្ឋអាម៉េរិកនៅថ្ងៃពុធទី ១១ ធ្នូ នេះបានប្រកាសថាកងទ័ពអាម៉េរិក នឹងបន្តស្នាក់នៅនិង ឈរជើងក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំ របបដឹកនាំដោយប្រធានាធិបតី Bashar al-Assad ក៏ដោយ។ ការសម្រេចមិនដកទ័ពចេញនេះគឺជាផ្នែកមួយនៃបេសកកម្ម ប្រឆាំងអំពើភេរវកម្ម និងត្រៀមខ្លួនដើម្បីកម្ទេចក្រុមពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលមានវត្តមាននៅក្នុងទឹកដីស៊ីរី។
តាមទីប្រឹក្សារងសន្តិសុខជាតិអាម៉េរិក លោក Jon Finer បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយ នៅទីក្រុងញូវយ៉កថាកងទ័ពអាម៉េរិកនឹងបន្តស្នាក់នៅប្រទេសស៊ីរីជាការឆ្លើយតបទៅនឹងការកើនឡើងនៃក្រុមរដ្ឋឥស្លាម ហើយនឹងដើម្បីការពារកុំឲ្យកើតមានអំពើភេរវកម្មនាៗ។
សម្រាប់លោក លោក Jon Finer វត្តមាននៃកងទ័ពអាម៉េរិកនៅក្នុងតំបន់ជម្លោះស៊ីរីគឺដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការកើតមានក្រុម ISIS ហើយអាម៉េរិកនឹងបន្តប្តេជ្ញាបន្ថែមក្នុងការទប់ស្កាត់អំពើភេរវកម្មដែលច្រើនតែកើតមានឡើងដោយសារតែក្រុមរដ្ឋជ្រុលនិយមឥស្លាម។
គួរបញ្ជាក់ថាក្រុមឧទ្ទាមស៊ីរីបានដណ្តើមយករដ្ឋធានី Damascus នឹងរហូតឈាតដល់ការដួលរលំរបបដឹកនាំផ្តាច់ការអស់ជាច្រើនឆ្នាំរបស់ក្រុមគ្រួសារលោក Assad ហើយលោក Assad ត្រូវបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីជ្រកកោនជាបណ្តោះអាសន្ន៕