កូរ៉េខាងត្បូង៖ អតីតប្រមុខរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសកូរ៉េខាងត្បូងត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ទៅកន្លែងឃុំឃាំងនិងស៊ើបសួរជាបណ្តោះជុំវិញនៃការផ្សំគំនិតក្នុងការប្រកាសច្បាប់អាជ្ញាសឹកក្នុងប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន។ ការចាប់ខ្លួនរបស់លោកនេះធ្វើឡើងភ្លាមៗក្រោយពីរូបលោកបានប្រកាសលាលែងពីតំណែងជាប្រមុខរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េក្រោយពីច្បាប់អាជ្ញាសឹកបានចូលជាធរមានប៉ុន្មានម៉ោងតែប៉ុណ្ណោះ។
យោងតាមការចេញផ្សាយដោយកាសែតរដ្ឋកូរ៉េខាងត្បូង Yonhap នៅថ្ងៃច័ន្ទនេះបានអះអាងថាលោក Kim Yong-hyun ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងធ្វើការចាប់ខ្លួន និងបញ្ជូនទៅទីកន្លែងឃុំឃាំងនិងកំពុងត្រូវបានតុលាការចោទសួរជុំវិញនៃការប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកក្នុងប្រទេសកូរ៉េខាងត្បូង។ តុលាការកូរ៉េខាងត្បូងបានស៊ើបអង្កេតលើការចោទប្រកាន់រូបលោកក្នុងបទក្បត់ជាតិក្រោយរូបលោកបានដាក់ឲ្យប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ប្រធានាធិបតី Yoon Suk Yeol កាលពីសប្តាហ៍មុន។
លោក Kim Yong-hyun គឺជាឥស្សរជនសំខាន់ក្នុងការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗរបស់លោក Yoon Suk Yeol កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍មុន ដែលមានរយៈពេល ៦ ម៉ោងមុនពេលត្រូវបានដកចេញដោយសារតែការបោះឆ្នោតសភាជាតិប្រឆាំងនឹងច្បាប់អាជ្ញាសឹក។ លោក Kim Yong-hyun ត្រូវបានគេជឿជាក់ថាជាតួអង្គយ៉ាងសំខាន់ក្នុងការផ្តល់យោបល់ឲកយលោកប្រធានាធិបតីកូរ៉េប្រកាសច្បាប់អាជ្ញាសឹកដែលបង្កឲ្យមានភាពចលាចលពាញពេញប្រទេសកូរ៉េខាងត្បូង។
លោក Kim Yong-hyun បានលាលែងពីតំណែងភ្លាមៗបន្ទាប់ពីការលុបចោលច្បាប់អាជ្ញាសឹក ហើយរូបលោកបានបង្ហាញខ្លួនដោយស្ម័គ្រចិត្តនៅការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូលកាលពីព្រឹកថ្ងៃអាទិត្យ ជាកន្លែងដែលលោកត្រូវបានគេនាំទៅឃុំឃាំងនៅឯមន្ទីរឃុំឃាំងនៅភាគខាងកើតទីក្រុងសេអ៊ូលក្រោមបទប្បញ្ញត្តិនៃការចាប់ខ្លួនជាបន្ទាន់៕