ភ្នំពេញ៖ ក្រុមអ្នកសារព័ត៌មានចិន មកពី Guangxi Daily បានផលិតនូវវីដេអូបែបកម្សាន្ត និង សប្បាយរីករាយមួយ ដើម្បីចែករំលែកពីបទពិសោធន៍ល្អៗ សម្រាប់ការរស់នៅក្នុងប្រទេសកម្ពុជា។ជាវីដេអូដែលក្រុមអ្នកព័ត៌មាននេះ បានមកទស្សនកិច្ចនៅកម្ពុជា។ក្នុងវីដេអូនោះ ក្រុមអ្នកសារព័ត៌មានចិន បានរម្លឹកពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងការសហការគ្នាជាមិត្តភាពដែកថែប និង ការបន្តសហការរួមគ្នាដោយជិតស្និតនាពេលបច្ចុប្បន្ន និង អនាគត។
តាមរយៈវីដេអូប្រមាណជាង៣នាទី ក្រុមអ្នកសារព័ត៌មានចិន មកពី Guangxi Daily បានចែករំលែកនូវទីកន្លែងស្អាតៗ និង ការរស់នៅល្អផ្សព្វផ្សាយជូនប្រជាជនចិន អមជាមួយការស្លៀកសម្លៀកបំពាក់បែបខ្មែរ រួមជាមួយក្រម៉ាដ៏ស្រស់ស្អាត។ តាមវីដេអូរបស់គាត់ បានរំលេចនូវការស្លៀកពាក់ដ៏ស្រស់ស្អាតរបស់លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានស្លៀកសម្លៀកបំពាក់បែបខ្មែរ ជាមួយក្រម៉ា និង ស្បែកជើងដ៏សាមញ្ញ ដែលមើលទៅមានភាពងាយស្រួល និង មានអារម្មណ៍ល្អ ហើយការស្លៀកពាក់បែបខ្មែរតាមតំបន់បែបនេះ ក៏បានបង្ហាញនូវការគោរព និង មិត្តភាពដ៏ល្អ។
ថ្លែងក្នុងវីដេអូ ក្រុមអ្នកសារព័ត៌មាន Guangxi Daily បានបង្ហាញពីទស្សនថា ការធ្វើដំណើរពីប្រទេសចិន មកកម្ពុជាជិតងាយស្រួលទៀត ដោយមានចម្ងាយ១,៣០០ គីឡូម៉ែត្រប៉ុណ្ណោះពីណាននីងប្រទេសចិន មកភ្នំពេញ ចំណាយពេលហោះហើរតាមយន្តហោះរយះពេល ២ម៉ោងប៉ុណ្ណោះ។ អ្វីដែលកាន់តែជិតស្និតជាងនេះទៅទៀតនោះ គឺការទាក់ទងក្នុងបេះដូងរបស់ប្រជាជនចិនថែមទៀតផង។
ក្នុងវីដេអូនោះ ពួកគេបានរំលឹកពីទំនាក់ទំនងល្អរវាងកម្ពុជា និង ចិន ដែលចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់កម្ពុជា កម្ពុជាបាននាំចេញនូវអង្ករ ផ្លែចេក និងស្វាយទៅកាន់ប្រទេសចិន ខណៈពេលចិនបាននាំចូលនូវឡាន និង អេឡិចត្រូនិកមកកម្ពុជា និង បានបន្តការសហការជាមួយគ្នាក្នុងមិត្តភាពដែកថែបនេះយូរអង្វែង៕