
(ភ្នំពេញ)លោក វ៉ាងយី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមានប្រសាសន៍ថា នៅក្នុងខណៈពេលប្រទេសកម្ពុជានិងចិននៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបែបប្រពៃណី ភាគីទាំងពីរក៏ចាំបាច់ត្រូវស្វែងរកចំណុចលូតលាស់ថ្មីនៅក្នុងវិស័យដែលកំពុងរីកចម្រើនថ្មីៗដូចជា កិច្ចសហប្រតិបត្តិការលើវិស័យAI, 5G, Big data និង cloud computing។
លោកវ៉ាងយីកាលពីថ្ងៃទី១១ខែតុលានេះ បានជួបជាមួយលោកហោណាំហុងឧបនាយករដ្ឋមន្រ្តីនិងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។
លោកបានមានប្រសាសន៍ទៀតថា ប្រទេសចិននឹងបន្តគាំទ្រដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយផ្តល់អាទិភាពដល់ប្រទេសកម្ពុជាក្នុងការផ្តល់វ៉ាក់សាំង ហើយប្រទេសចិននឹងទិញផលិតផលកសិកម្មដែលមានគុណភាពខ្ពស់របស់ប្រទេសកម្ពុជាបន្ថែមទៀត។
លោកបានសង្កត់ធ្ងន់ថា៖ ប្រទេសចិននិងកម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់របស់ប្រទេសកម្ពុជា ហើយវាមិនត្រឹមតែជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមនៃក្រោយជំងឺកូវីដ១៩របស់ ប្រទេសកម្ពុជាផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ហោណាំហុង បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានជួយប្រទេសកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ហើយបាននាំចូលផលិតផលកសិកម្មកម្ពុជាដែលមានគុណភាពខ្ពស់ជាច្រើន សង្ឃឹមថាចិននឹងបន្តជួយប្រទេសកម្ពុជាបង្កើតផែនការអភិវឌ្ឍន៍ឧស្សាហកម្ម៕