បន្ទាយមានជ័យ ៖ នគរបាលខេត្តបន្ទាយមានជ័យ បានឃាត់បញ្ជូនជនជាតិថៃប្រុសស្រីចំនួន១០នាក់ ទៅសាលាខេត្តបន្ទាយមានជ័យ ជាមួយនិងសារធាតុញៀនជាច្រើនមុខចំនួនជាង១ម៉ឺនគ្រាប់ នៅក្នុងភូមិសាស្ត្រ ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង១០នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាអនុវត្តតាមផែនការណែនាំ និងបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានចុះល្បាតនៅក្នុងភូមិសាស្ត្រដល់ចំណុចអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ បានឈានដល់ការបង្រ្កាបនៅបទល្មើសរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនបានជនជាតិថៃប្រុសស្រីចំនួន១០នាក់។
ជនសង្ស័យទាំង១០បាន ស្នាក់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាមួយនឹងការឃាត់ខ្លួនជនជាតិថៃនេះបានឆែកឆេររកឃើញនៅវត្ថុតាងសារធាតុញៀនជាច្រើនប្រភេទរួមមាន៖ ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)ពីលើចំនួន(៩៥៨០គ្រាប់) ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរ(WY)ពីលើចំនួន(១១៣០គ្រាប់) ថ្នាំគ្រាប់ពណ៌បៃតងមានអក្សរ(WY)ពីលើចំនួន(៣៨គ្រាប់) ម្សៅក្រាមស ផ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ថង់ លិខិតឆ្លងដែនចំនួនពីរក្បាល អត្តសញ្ញាណសញ្ជាតិថៃចំនួនពីរសន្លឹក ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង ទូរស័ព្ទដៃចំនួន០៦គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជក់ថាជនសង្ស័យទាំង១០នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ៕