បាងកក៖ គុណភាពខ្យល់ក្នុងទីក្រុងបាងកករបស់ប្រទេសថៃ គិតត្រឹមព្រឹកថ្ងៃទី ៤ ធ្នូនេះ ត្រូវបានក្រុមអ្នកជំនាញរបស់ថៃរកឃើញថា មានកម្រិតបំពុល PM 2.5 ឈានដល់តំបន់ពណ៌ទឹកក្រូច ដែលតម្រូវឱ្យប្រជាជនក្នុងទីក្រុងពាក់ម៉ាស់ការពារ និងកំណត់សកម្មភាពក្រៅផ្ទះ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។
យោងតាមសេចក្តីជូនដំណឹងពី រដ្ឋបាលក្រុងបាងកក បានគូសបញ្ជាក់ថា គុណភាពខ្យល់នៅទីក្រុងបាងកក បានធ្លាក់ចុះដល់កម្រិតពណ៌ទឹកក្រូច ឬគ្រោះថ្នាក់ដល់កម្រិតសុខភាព ក្រោយពីមជ្ឈមណ្ឌលសន្ទស្សន៍គុណភាពខ្យល់តាមដានឃើញថា ស្ទើរតែទាំងអស់នៃស្ថានីយ៍ត្រួតពិនិត្យជាង៦០របស់ខ្លួន គឺមាន៥០ហើយបានកត់ត្រាគុណភាពខ្យល់កម្រិតពណ៌ទឹកក្រូច ដែលជាកម្រិតគ្រោះថ្នាក់ ហើយមានតែស្ថានីយចំនួន២ ប៉ុណ្ណោះដែលបង្ហាញការអានកម្រិតពណ៌លឿង។
អាជ្ញាធរក្នុងទីក្រុងបាងកក បានចេញនូវសេចក្តីណែនាំដល់ប្រជាជនក្នុងទីក្រុង ត្រូវពាក់ម៉ាស់ការពារពេលចេញទៅក្រៅផ្ទះ និង បានដាក់កំហិតពេលវេលាដែលចំណាយនៅខាងក្រៅ ដើម្បីការពារសុវត្តិសុខភាពរបស់ក្រុមគ្រួសាររហូតណាមានសេចក្តីណែនាំថ្មីពីសំណាក់អាជ្ញាធរក្នុងតំបន់។