ភ្នំពេញ៖ លោកជំទាវ Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និង ជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី កាលពីថ្ងៃទី ៣០ វិច្ឆិកាកន្លងទៅ បានដឹកនាំក្រុមការងារមកបំពេញទស្សនកិច្ចនៅស្នាក់ការកាសែតភាសាចិន The Commercial News និង សារព័ត៌មាន ស៊ីស៊ីថាមស៍។
ក្នុងដំណើរទស្សនកិច្ចនោះ មានការអញ្ជើញចូលរួមទទួលដោយលោក ផ្លុង វិចិត្រ អគ្គនាយកអង្គភាពសារព័ត៌មាន ស៊ីស៊ីថាមស៍ និង The Commercial News ប្រកបដោយភាពកកក្តៅ។ក្នុងដំណើរទស្សនកិច្ចនោះ ថ្នាក់ដឹកនាំកាសែត The Commercial News និង ស៊ីស៊ីថាមស៍ បានណែនាំដល់លោកជំទាវ Chen Yijun អំពីប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាពរបស់ខ្លួន ក៏ដូចជារៀបរាប់អំពីសមិទ្ធិផលដែលខ្លួនបានសហការជាមួយកាសែត Guangxi Daily ដូចជាការចែករំលែកព័ត៌មាន បច្ចេកវិទ្យា និង ការប្រើប្រាស់ឧបករណ៍រួមគ្នាជាដើម។
ក្នុងនោះ លោកជំទាវ Chen Yijun បានណែនាំអោយកាសែត Guangxi Daily បន្តពង្រឹងសហប្រតិបត្តការអោយជិតស្និតបន្ថែមទៀត ជាមួយកាសែត The Commercial News ស៊ីស៊ីថាមស៍ និង សារព័ត៌មានសំខាន់ៗនៅកម្ពុជាអោយបានច្រើនទៀត។
ទាក់ទងនឹងខ្លឹមសារបោះពុម្ពផ្សាយ លោក ផ្លុង វិចិត្របានរៀបរាប់អំពីកិច្ចហប្រតិបន្តការកន្លងមក ដែលបានដកស្រង់ខ្លឹមសារផ្សាយអំពីរឿងរ៉ាវដ៏ល្អៗស្តីពីទំនាក់ទំនងកម្ពុជា និងចិន ជាពិសេសទាក់ទងនឹងខេត្តក្វាងស៊ី។ លោកស្រី Chen Yijun បានកោតសរសើរ និង បានណែនាំអោយសារព័ត៌មានទាំងសងខាងគួរបន្តស្វែងរក និងសរសេររឿងរ៉ាវរស់រវើក ដែលបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងក្វាងស៊ី។
ចំណែកការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអនឡាញ លោក ផ្លុង វិចិត្របានបញ្ចាក់ថា អង្គភាពស៊ីស៊ីថាមស៍បង្កើតឡើងដោយកូនខ្មែរមានជាប់ខ្សែរស្រលាយចិន ដោយបច្ចុប្បន្នមានផ្សាយជាភាសាខ្មែរ និងចិន ហើយបេសកកម្មនិង គោលការចំបង គឺផ្តល់ព័ត៌មានអោយបានលឿន សុក្រឹត និង អព្យាក្រឹតទៅកាន់មហាជន ជាពិសេសយកសំលេងរបស់កម្ពុជា ផ្សាយជាភាសាចិនអោយកាន់តែច្បាស់នៅកាន់ពិភពលោក៕