ចិន៖ ប្រទេសចិន បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតថ្មី ប្រភេទ Long March-១២ ទៅកាន់ទីអវកាសដោយជោគជ័យ បន្ទាប់ពីបាញ់ចេញពីស្ថានីយបង្ហោះយានអវកាសពាណិជ្ជកម្មដំបូងរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ដោយពង្រឹងសមត្ថភាពបន្ថែមទៀត និងបង្ហាញពីព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កិច្ចការអវកាសរបស់ប្រទេស។
យោងតាមអ្នកជំនាញក្នុងតំបន់ បានឲ្យដឹងថា គ្រាប់រ៉ុក្កែត Long March-១២ បានបាញ់បង្ហោះចេញពីទីតាំងស្ថានីយបង្ហោះយានអវកាសពាណិជ្ជកម្ម Hainan ក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ដោយបានបញ្ជូនផ្កាយរណបពិសោធន៍ចំនួន២ ចូលទៅក្នុងគន្លងតារាវិថីដោយជោគជ័យដូចបានគ្រោងទុក និងទទួលបានជោគជ័យទាំងស្រុង។
ការបាញ់បង្ហោះនេះ ជាបេសកកម្មសម្ពោធនៅកន្លែងបាញ់បង្ហោះអវកាសពាណិជ្ជកម្មដំបូង ដែលបាញ់បង្ហោះចេញពីទីស្ថានីយអវកាសថ្មីក្នុងខេត្តហៃណាន ប្រទេសចិន។ គ្រាប់រ៉ុក្កែត Long March-១២ ថ្មីនេះ ក៏ជាការហោះហើរលើកដំបូងថ្មីមួយ ដោយរួមបញ្ចូលនូវរបកគំហើញ នៅក្នុងបច្ចេកវិទ្យាសំខាន់ៗមួយចំនួនដ៏ធំបំផុតរបស់ប្រទេស។ ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មអន្តរជាតិ Hainan បាននិយាយថា ភាពជោគជ័យនៃការបាញ់បង្ហោះរ៉ុក្កែតថ្មីនេះ គឺបានដើរតួរនាទីយ៉ាងសំខាន់ និងយន្តការថ្មី ដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃវិស័យអវកាសពាណិជ្ជកម្មរបស់ប្រទេសចិនផងដែរ៕