Cctimesw1140xh150cm copy

នាយករដ្ឋមន្ត្រីឡាវ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៤-០៥ ខែធ្នូ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកស្រី វណ្ណដាឡា ស៊ីផាន់ដន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

លោក សនសៃ ស៊ីផាន់ដន និង លោកស្រី នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង។ លោកនាយករដ្ឋមន្ត្រីឡាវ គ្រោងនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។

លោក សនសៃ ស៊ីផាន់ដន នឹងមានជំនួបទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើ ការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្នុងអំឡុងពេលនៃទស្សនកិច្ច លោកនាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃកម្ពុជា។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង