ចិន៖«ត្រាក់ទ័រគ្មានមនុស្សបើក»ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររបស់ចិន នាំយកមកដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មកសិកម្មអន្តរជាតិចិនលើកទី ២១។«ត្រាក់ទ័រគ្មានមនុស្សបើក»នេះ ត្រូវបានបំពាក់ដោយការបើកបរដោយស្វ័យប្រវត្តិ ការបញ្ចៀសឧបសគ្គ និងសមត្ថភាពធ្វើផែនការផ្លូវដោយស្វ័យប្រវត្តិ។
«ត្រាក់ទ័រគ្មានមនុស្សបើក» បានក្លាយជាយាននៃការច្នៃប្រឌិតដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងចំណោមឧបករណ៍ដាក់តាំងពិព័រណ៍ប្រមាណជាង ២០០០០ និង ទាក់ទាញអ្នកទស្សនា និង អ្នកទិញប្រមាណ៥០០០០នាក់។«ត្រាក់ទ័រគ្មានមនុស្សបើក»មានកម្ពស់ ៣ ម៉ែត្រ ទម្ងន់៦ តោន ត្រូវបានបង្កើតឡើងដោយបណ្ឌិតសភាវិទ្យាសាស្ត្រចិន (CAS) ។
ក្រុមអ្នកជំនាញនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន បានពន្យល់ថា ត្រាក់ទ័រគ្មានមនុស្សបើកនេះ ត្រូវបានបំពាក់ដោយការបើកបរដោយស្វ័យប្រវត្តិ ការបញ្ចៀសឧបសគ្គ និង សមត្ថភាពធ្វើផែនការផ្លូវដោយស្វ័យប្រវត្តិ។ ប្រតិបត្តិករអាចគ្រប់គ្រងវាបានតាមរយៈកម្មវិធីទូរស័ព្ទ ឬ ថេប្លេត។
ក្រុមអ្នកជំនាញ បានឧទាហរណ៍ថា វាអាចដាំដុះបានប្រហែលពីរហិកតាក្នុង មួយម៉ោង មានន័យថា វាអាចគ្របដណ្តប់លើផ្ទៃដី ២០ ហិកតាក្នុងមួយថ្ងៃ ប្រសិនបើដំណើរការរយៈពេល១០ ម៉ោង។វាដាក់តាំងបង្ហាញនូវប្រព័ន្ធ និង ឧបករណ៍កសិកម្មឆ្លាតវៃជាច្រើនប្រភេទ ដែលឧបករណ៍មួយចំនួនបានចូលទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ថា នៅរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមអ្នកជំនាញចិន បានព្យាយាបង្កើតនូវភាពច្នៃប្រឌិតជាច្រើន ដើម្បីជួយដល់វិស័យកសិកម្មពីបូរាណទៅកសិកម្មទំនើប។ផលិតផល និង ដំណោះស្រាយ ក្នុងវិស័យកសិកម្មរបស់ចិន ត្រូវបានអនុវត្តនៅក្នុងប្រទេស និងតំបន់ជាង៧០ ទូទាំងពិភពលោក។ ឧទាហរណ៍ យន្តហោះ គ្មានមនុស្សបើក មានវត្តមាននៅក្នុងវាលពោតរ៉ូម៉ានី កសិដ្ឋានក្រូចឆ្មារជប៉ុន វាលសណ្តែកសៀងប្រេស៊ីល និង ផ្ទះកញ្ចក់អូស្ត្រាលី ជាដើម៕