ភ្នំពេញ៖ អង្គភាពសារព័ត៌មានរបស់ប្រទេសកម្ពុជា ចំនួន ៨ អង្គភាព នៅថ្ងៃទី ៣០ វិច្ឆិកានេះ បានអនុសរណៈយោគយល់គ្នាជាមួយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មាន។MOUនៅថ្ងៃនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោកស្រី ជិន អ៉ីយ៉ុន សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីឃោសនាការ នៃតំបន់ស្វយ័តជនជាតិជាំងក្ខាងស៉ី ប្រទេសចិន និង លោក ហួត ឃាងវេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។
អង្គភាពព័ត៌មានទាំង៨ដែលចុះ MOU នៅថ្ងៃនេះ មានជាអាទិ៍៖ អង្គភាព fresh News,សារព័ត៌មាន Thmey Thmey,AMS,Commercials News ,មជ្ឈមណ្ឌលសារព័ត៌មាន «នគរវត្ត» និងគេហទំព័រ «នគរដ្រេហ្គន», JIAN HUA DAILY , People News។
MOUនេះ សមភាគីទាំងកម្ពុជា និង ចិន មានគោលបំណង ពង្រឹងការផ្លាស់ប្តូរបុគ្គលិកបន្ថែមទៀត ដើម្បីរួមគ្នាអនុវត្តការបណ្តុះបណ្តាល និង ផ្លាស់ប្តូរធនធានមនុស្ស ការផ្លាស់ប្តូរប្រជាជន និង វប្បធម៍ ប្រារព្ធពិធីបុណ្យវប្បធម៌ដោយផ្ទាល់ ឬ តាមប្រព័ន្ធអ៊ីនធឺណិត សិក្ខាសាលា និង គម្រោងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ រួមគ្នាលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ ការផ្លាស់ប្តូរការសិក្សា ការបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា។

ក្នុង MOUនេះ ភាគីទាំងអស់នឹងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរអោយកាន់តែស៊ីជម្រៅ ដោយរួមទាំងការផ្សព្វផ្សាយដោយរូបភាព ពង្រីកឥទ្ធិពលម៉ាកយីហោ និងការលើកកម្ពស់សហគ្រាសនិងផលិតផលល្បីៗដែលពាក់ព័ន្ធនៃប្រទេសទាំងពីរក្នុងទម្រង់ជាការរាយការណ៍ព័ត៍មាននៃប្រព័ន្ធផ្សព្វផ្សាយរួមបញ្ចូលគ្នា។

លោក ផុសសុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានកម្ពុជា បានថ្លែង កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន គឺជាស្ពានដ៏សំខាន់មួយសម្រាប់ការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា និងចិន។សម្រាប់លោក បណ្ដាញសារព័ត៌មានបានមានតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ប្រជាជន និងបង្កើនការយល់ដឹងរវាងប្រជាជនពីប្រទេសទាំងពីរ។ ព្រឹត្តិការណ៍ចុះហត្ថលេខានៅថ្ងៃនេះមិនត្រឹមតែពង្រឹងទំនាក់ទំនងបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទំព័រថ្មីសម្រាប់ការផ្លាស់ប្តូរ និងការផ្សព្វផ្សាយព័ត៌មានឱ្យទូលំទូលាយក្នុងប្រទេសទាំងពីរ។

លោក Yang Tian និពន្ធនាយករងនៃកាសែត《Guangxi Daily》បានថ្លែងចាត់ទុកMOUនេះ នេះគឺជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងចិន និង កម្ពុជា ហើយវាក៏ជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងចិននិងកម្ពុជា។លោកថា 《Guangxi Daily》តែងតែប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយរឿងល្អៗរបស់ ខេត្តក្វាងស៊ី និងប្រទេសចិនដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងបេសកកម្មរបស់ខ្លួន។

ចំណែក លោក ផ្លុង វិចិត្រ អគ្គនាយកអង្គភាពសារព័ត៌មាន The Cambodia China Times បានថ្លែងថា ប៉ុន្មានឆ្នាំមកនេះ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និង ចិន បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យរាយការណ៍ព័ត៌មាន ទំនាក់ទំនងវប្បធម៌ និងការច្នៃប្រឌិតបច្ចេកវិទ្យា។ល។ នេះមិនត្រឹមតែធ្វើឱ្យការយល់ដឹងកាន់តែស៊ីជម្រៅរវាងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងស្ពានដ៏សំខាន់មួយដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
លោក ផ្លុង វិចិត្រ រំពឹងថា MOU នៅពេលនេះ កិច្ចសហប្រតិបត្តិការរវាង 《Guangxi Daily》និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា ផ្តល់ឱ្យយើងនូវវេទិកាមួយសម្រាប់ការរៀនសូត្រ ការទំនាក់ទំនង និងការរីកចម្រើនរួមគ្នា។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំអង្គភាពចុះMOU មាន៖លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ,លោក លាង ដឺលុច អគ្គនាយកនៃសារព័ត៌មានថ្មីៗ, លោក លឹម ឃុនស្រ៊ុន អគ្គនាយក Apsara Media Service(AMS), លោក សារ៉ាយ ច័ន្ទតារា និពន្ធនាយកNokorwat news Daily ,លោក ភ័ណ្ឌ សុផល និពន្ធនាយកNokordragon New, លោក លី សុវណ្ណឌួង ចាងហ្វាង People News Asia, លោក សុខ សំណាង នាយកគ្រប់គ្រង jianhua daily,លោក ផ្លុង វិចិត្រ អគ្គនាយកសារព័ត៌មានពាណិជ្ជកម្ម៕