កូឡាឡាំពួរ៖ មានមនុស្សយ៉ាងហើចណាស់៣នាក់បានស្លាប់ និងជាង ៩០,០០០នាក់ទៀត បាននឹងកំពុងតែប្រឈមជាមួយការរងគ្រោះដោយមហន្តរាយទឹកជំនន់ដែលកំពុងកើនឡើងក្នុងប្រទេសម៉ាឡេស៊ីមិនធ្លាប់មានជាងមួយទសវត្សរ៍។ ភ្លៀងធ្លាក់ខ្លាំងៗជាប់គ្នាប៉ុន្មានថ្ងៃបានបណ្តាលឲ្យតំបន់ជាច្រើនក្នុងប្រទេសម៉ាឡេស៊ីជន់លិច បង្ខំចិត្តមនុស្សរាប់ម៉ឺននាក់ជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន។
បើតាមមន្ត្រីម៉ាឡេស៊ីគិតត្រឹមថ្ងៃសៅរ៌នេះមានមនុស្ស ៣ នាក់បានស្លាប់ ហើយជាង ៩៤,៧៧៨ នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នរដ្ឋទាំង៩មានរដ្ឋ Kelantan និងរដ្ឋ Terengganu បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតដោយទឹកជន់លិចផ្ទះសម្បែងពលរដ្ឋ និងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនម៉ឺនដុល្លារ។
នាយកដ្ឋានឧតុនិយមបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងមាននៅក្នុងរដ្ឋចំនួនប្រាំបីរហូតដល់ថ្ងៃសៅរ៍ ជាមួយនឹងការព្យាករណ៍ពីកម្រិតគ្រោះថ្នាក់នៃការកើនឡើងទឹកទន្លេ ។ អាជ្ញាធរម៉ាឡេស៊ីបានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន និងស្វែងរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្នរងចាំរហូតដល់មានការជូនដំណឹងពីការវិវត្តន៍នៃទឹកជំនន់៕