ភ្នំពេញ៖ កម្ពុជា-ចិន បន្តប្តេជ្ញាជំរុញការកសាងសហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ក្នុងការអភិវឌ្ឍដើរទៅមុខរវាងប្រទេសទាំងពីរ។ ការធ្វើឡើងនេះតាមរយះជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា មិត្តភាពរវាងចិន និងកម្ពុជាមានភាពរឹងមាំដោយការស៊ូទ្រាំនឹងវិវាទអន្តរជាតិជាមួយគ្នា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់មេដឹកនាំប្រទេសទាំងពីរ មិត្តភាពរវាងកម្ពុជា-ចិននៅតែបន្តអភិវឌ្ឍទៅរកអនាគតរួមគ្នា។ លោក វ៉ាង យី ក៏បានបន្តថា ចិនមានឆន្ទៈក្នុងការរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីជំរុញការកសាងសហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដោយបង្កើនការសម្របសម្រួលយុទ្ធសាស្រ្តកម្រិតខ្ពស់ដើម្បីដោះស្រាយហានិភ័យ និងបញ្ហាប្រឈម ដោយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងពីរ លើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ក្រសួងការបរទេស ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះគោលនយោបាយមិត្តភាពរវាងចិន និងកម្ពុជា ព្រមទាំងមានឆន្ទៈក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកក្នុងផ្នែកនយោបាយ ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពង្រឹងការសម្របសម្រួលការទូត និងបន្តលើកកម្ពស់មិត្តភាពកម្ពុជា-ចិនដល់កម្រិតខ្ពស់ថ្មី៕