Cctimesw1140xh150cm copy

យុវជន តូច ឥនសុភា ជា «អ្នកស្រាវជ្រាវក្មេងជាងគេ» ក្នុងសន្និសីទអាស៊ានអន្តរជាតិលើកទី៤

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជន តូច ឥនសុភា ទទួលបានជ័យលាភី Best Oralist Award ពីកម្មវិធី «សន្និសីទអាស៊ានអន្តរជាតិលើកទី៤ ស្ដីពី ថាមពល និងបរិស្ថាន» ក្នុងវ័យ២០ឆ្នាំ ដែលត្រូវបានចាត់ទុកថាជាអ្នកស្រាវជ្រាវក្មេងជាងគេក្នុងសន្និសីទ។

យុវជន តូច ឥនសុភា មានវ័យ ២០ឆ្នាំ ជានិស្សិតដែលមានស្រុកកំណើតពីខេត្តស្វាយរៀង ឡើងមកបន្តការសិក្សានៅរាជធានីភ្នំពេញ ដែលកំពុងសិក្សានៅក្នុងឆ្នាំទី៤ ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និងជំនាញ វិទ្យាសាស្រ្តទិន្នន័យ និងការវិភាគ នៅ វិទ្យាស្ថានថាក់ គ្លូប៊ល។

កាលពីថ្មីៗនេះ យុវជន ឥនសុភា បានជាប់ជាយុវជនដែលទទួលបានជ័យលាភី Best Oralist Award ពីកម្មវិធី សន្និសីទអាស៊ានអន្តរជាតិលើកទី 4 ស្ដីពី ថាមពល និងបរិស្ថាន (4th ASEAN International Conference on Energy and Environment) ដែលត្រូវបានប្រព្រឹត្តទៅនៅឯទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ជ័យលាភី Best Oralist Award ត្រូវបានប្រគល់ជូនអ្នកស្រាវជ្រាវដែលធ្វើបទបង្ហាញល្អបំផុតក្នុងកម្មវិធី ក្នុងចំណោមអ្នកស្រាវជ្រាវ១០០រូប មកពីបណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន។ ក្នុងនោះផងដែរ Best Oralist Award ត្រូវបានប្រគល់ជូនត្រឹមតែ អ្នកស្រាវជ្រាវ ៥រូប ប៉ុណ្ណោះ ដែលធ្វើបានល្អជាងគេ ដែល មានយុវជន តូច ឥនសុភា ក្នុងចំណោម ៥រូប ដែលទទួលបានជ័យលាភីតំណាងប្រទេសកម្ពុជា ក្នុងចំណោមប្រទេស ៥ គឺ ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន វៀតណាម និងកម្ពុជា។

ដោយភាពស្រឡាញ់ការសិក្សាស្រាវជ្រាវ សុភា បានបង្ហាញអំពីស្នាដៃនៅក្នុងការស្រាវជ្រាវអំពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យ ថាមពលបរិស្ថាន នៅក្នុងកម្មវិធី «សន្និសីទអាស៊ានអន្តរជាតិលើកទី 4» ដោយទទួលបានការណែនាំពី លោក ឡុង បរិញ្ញា បច្ចុប្បន្នជាសាស្ត្រាចារ្យ នៃ វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា និងសាកលវិទ្យាល័យ ខេមតិច នៅក្នុងការសរសេរអត្ថបទក៏ដូចជាវិធីសាស្រ្តសិក្សាជ្រើសរើស Machine Learning Models ដើម្បីដាក់បញ្ចូលទៅក្នុងអត្ថបទរបស់យុវជនរូបនេះ។

ប្រធានបទដែលលោកបានលើកយកទៅធ្វើបទបង្ហាញមានចំណងជើងថា: "A Study on Factor Influencing Machine Learning Models for Renewable Energy Consumption Forecasting", ដែលនៅក្នុងអត្ថបទនេះ សុភា បានសិក្សាពីកត្តាដែលជះឥទ្ធិពលទៅលើថាមពលបង្កើតឡើងវិញ។ ក្នុងនោះបានបង្ហាញពីការសិក្សាពី សេដ្ឋកិច្ចសង្គម បរិស្ថាន ភូមិសាស្ត្រ ដូចជាតម្លៃនៃថាមពល គោលនយោបាយរដ្ឋាភិបាល និងលក្ខខណ្ឌអាកាសធាតុ ដែលជាឥទ្ធិពលទៅលើថាមពលកកើតឡើងវិញ។

ក្នុងនាមជាយុវជនតំណាងកម្ពុជាមួយរូបដែលទទួលបានជ័យលាភីលើផ្នែក Best Oralist Award ពីកម្មវិធី សន្និសីទអាស៊ានអន្តរជាតិលើកទី 4 ស្ដីពី ថាមពល និងបរិស្ថាន សុភា បានបង្ហាញអារម្មណ៍ថាខ្លួនពិតជាទទួលបានការយល់ដឹងជាច្រើនអំពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យថាមពល និងបរិស្ថាន ដែលជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្លួនក្នុងការយល់ដឹងកាន់តែស៊ីជម្រៅអំពីភាពស្មុគ្រស្មាញនៃការព្យាករណ៍ការប្រើប្រាស់ថាមពលកកើតឡើងវិញ។ លោកបានបន្តទៀតថា «ការចូលរួមកម្មវិធីបែបនេះក៏ជួយលើកកម្ពស់សមត្ថភាពនិងផ្នត់គំនិតរបស់ខ្ញុំឲ្យកាន់តែទូលំទូលាយដើម្បីសម្របខ្លួនទៅតាមបរិបទពិភពលោកក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល »។

យុវជន សុភា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងកំឡុងពេលកម្មវិធីនេះ សុភាមានឱកាសបានជួបជាមួយនឹងសាស្ត្រាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវ មកពីជុំវិញប្រទេសអាស៊ានដែលបង្ហាញពីស្នាដៃស្រាវជ្រាវនៃប្រធានបទខុសៗគ្នាពាក់ព័ន្ធនឹងថាមពល និងបរិស្ថាន។

ជាចុងក្រោយ យុវជន ឥនសុភា លើកទឹកចិត្តដល់យុវជនដែលស្រឡាញ់ផ្នែកខាងស្រាវជ្រាវ សូមធ្វើការសិក្សាបន្ថែម ក៏ដូចជាពិគ្រោះគោះយោបល់ជាមួយនឹង សាស្ត្រាចារ្យជំនាញ ពីព្រោះថា ការស្រាវជ្រាវ គឺជាកត្តាមួយដែលសំខាន់ នៅក្នុងការរួមចំណែកអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក៏ដូចជាប្រទេសជាតិយើងទាំងមូល។ ជាពិសេសសម្រាប់យុវជនដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ការសរសេរអត្ថបទស្រាវជ្រាវក៏ជាកត្តាមួយដែលជួយឲ្យយើងងាយស្រួលនៅក្នុងការស្វែងរកឱកាសអាហារូបករណ៍សម្រាប់ការបន្តការសិក្សាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង