ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៨ វិច្ឆិកានេះ បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី ២៨-២៩ វិច្ឆិកា ឆ្នាំ ២០២៤។ជាដំណើរទស្សនកិច្ច រៀបចំឡើងតាមការអញ្ជើញពីប្រធានរដ្ឋវៀតណាម លោក Luong Cuong។
ដូចការគ្រោងទុក នៅព្រឹកនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងការយាងចេញទៅវៀតណាមនៅព្រឹកនេះ មានការចូលរួមអមដំណើរពីថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ក្នុងនោះ មានសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ថ្នាក់ដឹកនាំជាច្រើនទៀត។
យោងតាមព្រះរាជសាររបស់ព្រះកូណា មិនបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅវៀតណាមពេលនេះ ព្រះអង្គនឹងជួបថ្នាក់ដឹកនាំវៀតណាមរូបណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា ពេលព្រះអង្គអវត្តមាននៅកម្ពុជា សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្លាយជាប្រមុខរដ្ឋស្តីទី។
វៀតណាម និង កម្ពុជា បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៦៧។ បច្ចុប្បន្នវៀតណាម ជាដៃគូពាណិជ្ជកម្មធំទីបីរបស់កម្ពុជា និង ជាដៃគូពាណិជ្ជកម្មកំពូលក្នុងអាស៊ាន។ នៅឆ្នាំ២០២៣ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនដល់ ៨,៦ពាន់លានដុល្លារ។
បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម បច្ចុប្បន្ននេះ វៀតណាមបានវិនិយោគក្នុងគម្រោងចំនួន ២០៥ នៅកម្ពុជា ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន២.៩៤ ពាន់លានដុល្លារ ក្លាយជាអ្នកវិនិយោគអាស៊ានឈានមុខគេ និង ជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំងប្រាំដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេស និង ដែនដីចំនួន ៧៩ ទទួលការវិនិយោគពីវៀតណាមនៅក្រៅប្រទេស៕