
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលទិញផ្ទះមានតម្លៃស្មើ ឬក្រោម៧ម៉ឺនដុល្លារ នឹងរួចពន្ធប្រថាប់ត្រារលើការផ្ទេរកម្មសិទ្ធ និងសិទ្ធកាន់កាប់លំនៅដ្ឋានដែលមានលក្ខណះជាបុរីរហូតដល់ចុងឆ្នាំ២០២៥។ នេះបើតាមការប្រកាសរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រជាពលរដ្ឋដែលទិញផ្ទះមានតម្លៃស្មើ ឬក្រោម៧ម៉ឺនដុល្លារ នឹងរួចពន្ធប្រថាប់ត្រារលើការផ្ទេរកម្មសិទ្ធ និងសិទ្ធកាន់កាប់លំនៅដ្ឋានដែលមានលក្ខណះជាបុរីរហូតដល់ចុងឆ្នាំ២០២៥។ សម្ដេចមានប្រសាសន៍ថា៖ «អ្នកទិញផ្ទះ ក្រោម ៧ម៉ឺនដុល្លារ ធ្វើការប្រកាសពន្ធ ប្រថាប់ត្រា រហូត ដល់ចុងឆ្នាំ២០២៥។ អីចឹងសូមទៅប្រកាសទៅ ក្រោម ៧ម៉ឺនដុល្លារ រួចពន្ធប្រថាប់ត្រា»។ សម្ដេច បានបន្ដថា ចំពោះប្រជាពលរដ្ឋ ទិញផ្ទះពីបុរីមិនទាន់ចុះបញ្ជី គឺអនុញ្ញាតឱ្យធ្វើប្លង់ជាមួយក្រសួង ហើយតម្លៃក្រោម ៧ម៉ឺនដុល្លារ ក៏អនុគ្រោះពន្ធប្រថាប់ត្រា រហូតដល់ឆ្នាំ ២០២៥ដែរ។
សម្ដេច គូសបញ្ជាក់ទៀតថា៖ «ចំពោះបុរី មិនមានអាជ្ញាប័ណ្ណ ប៉ុន្ដែក្ស័យធន ចំពោះប្រជាពលរដ្ឋ ដែលបានទិញផ្ទះ មានសំបុត្រស្នាមច្បាស់លាស់ហើយពីបុរី ដែលបានក្ស័យធនហើយ ទៅក្រសួងហើយ ក្រសួងចុះបញ្ជីចេញប្លង់ឱ្យគាត់ទៅ ក្រោម ៧ម៉ឺនដុល្លារ រួចពន្ធប្រថាប់ត្រាសដូចគ្នា»៕
បន្ថែមលើនេះ សម្រាប់អ្នកទិញផ្ទះដំបូង (first time home buyer) ក៏នឹងអាចទទួលបានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ការទិញផ្ទះក្នុងបុរីឬខុនដូ ដែលមានតម្លៃក្រោម ២១ម៉ឺនដុល្លារ ដែលត្រូវអនុវត្តរហូតដល់ចុងឆ្នាំ ២០២៥ ផងដែរ៕