
មណ្ឌលគិរី៖ កូនដំរីព្រៃញី ១ក្បាល ឈ្មោះ ចាណាម បានព្យាបាល និងថែទាំសុខភាពបានប្រសើរឡើងវិញនៅភ្នំតាម៉ៅ ក្រោយបានប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯងកាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិពូត្រុំ សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កូនដំរីព្រៃញី ១ក្បាល ឈ្មោះ ចាណាម មានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាម ត្រូវបានជួយសង្គ្រោះក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯង ក្បែរចំការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន កូនដំរីព្រៃញីនេះមានសុខភាពប្រសើរឡើងវិញបន្ទាប់ពីទទួលបានការព្យាបាលមើលថែ នៅភ្នំតាម៉ៅ។
សូមរម្លឹកថា កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណី ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ ប៉ុន្តែបន្ទាប់ពីរង់ចាំអស់រយះពេល១សបា្តហ៍មិនឃើញហ្វូងដំរីត្រឡប់មកវិញ ហើយដោយស្ថានភាពសុខភាព កូនដំរីកាន់តែទ្រុឌទ្រោមស្គមខ្លាំង ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានសម្រេចបញ្ជូនដំរីនេះមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ”។ មន្រ្តីក្រសួង អង្គការ និងស្ថាប័នពាក់ព័ន្ធ ប្រមាណជិត៣០នាក់ បានខិតខំប្រឹងប្រែងជួយសង្គ្រោះកូនដំរីមួយក្បាលនេះរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបច្ចុប្បន្នកូនដំរីបានមានសុខភាពប្រសើរឡើងវិញ ក្រោមការមើលថែនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួរបញ្ជាក់ថា ដំរីអាស៊ីនេះ បានចាត់ចូលជាប្រភេទងាយរងគ្រោះថ្នាក់ជិតផុតពូជ ដែលកំពុងស្ថិតនៅក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទសត្វជិតផុតពូជក្នុងបញ្ជីឈ្មោះសត្វព្រៃកម្ពុជា៕


