ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី ២៤ វិច្ឆិកានេះ ត្រូវបានសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ប្រកាសប្រគល់ពានរង្វាន់មេដាយ«សន្តិភាពដើម្បីមនុស្សជាតិនិងភពផែនដីពីពីសភាអន្តរជាតិ»។ការប្រកាសផ្តល់នេះ ក្រោយហេតុផលថា សម្តេច ហ៊ុន សែន រហសនាមបុរសខ្លាំងរបស់កម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីថែរក្សាសុខសន្តិភាពជូនកម្ពុជា និង ពិភពលោកទាំងមូល។
ពិធីប្រកាសប្រគល់ពានរង្វាន់មេដាយរៀបចំឡើងដោយ លោក Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និង សន្តិភាព (GCTP) ក្រោមវត្តមានប្រតិភូជិត៣០០រូបមកពី៥៣ប្រទេសចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ នៅភ្នំពេញ។
លោក Ahmed bin Mohamed Aljarwan បានថ្លែងពន្យល់ពីមូលហេតុដែលសភាអន្តរជាតិ សម្រេចចិត្តផ្តល់ពានរង្វាន់ជួយសម្តេច ហ៊ុន សែន ស្តីពី "សន្តិភាព ដើម្បីមនុស្សជាតិ និង ភពផែនដី" គឺដោយសារសម្តេច ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូលមួយរូបដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជា និង តែងតែចូលរួមសកម្មភាពនានាលើឆាកអន្តរជាតិ ដើម្បីរក្សាសន្តិភាពក្នុងពិភពលោក។
គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន បច្ចុប្បន្នកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជា។សម្តេច មានរហសនាមថា បុរសខ្លាំងរបស់កម្ពុជា ដោយបានរំដោះប្រទេសកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ និង បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា នៅឆ្នាំ ១៩៨៥ ក្នុងវ័យ ៣២ ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេលើពិភពលោក និង ក្លាយជានាយករដ្ឋមន្ត្រីយូរជាងគេលើពិភពលោក។
ក្នុងដំណើរជីវិតរបស់សម្តេច គឺបានចូលរួមចំណែកជាច្រើនស្វែងរកសន្តិភាពជូនកម្ពុជា តាមរយៈការចរចាបញ្ចប់សង្គ្រាមនៅកម្ពុជា បង្កើតបាននូវសន្តិភាពនៅកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំដែលជាសន្តិភាពវែងជាងគេ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ៕