ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអរគុណថ្នាក់ដឹកនាំវៀតណាម ដែលបានស្វាគមន៍ សម្របសម្រួល និង ការពារសន្តិសុខល្អ ដល់ការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅខ្មែរក្រោមយ៉ាងរលូន។តាមរយៈប្រធានរដ្ឋសភាវៀតណាម សម្តេច ហ៊ុន សែន បានបន្តស្នើសុំដល់ថ្នាក់ដឹកនាំវៀតណាមទាំងអស់មេត្តាបន្តយកចិត្តទុកដាក់លើការ ថែរក្សាទំនៀមទម្លាប់ ប្រពៃណី និង ជំនឿសាសនារបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។
ក្នុងជំនួបជាមួយលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងចាត់ទុកវត្តមានរបស់លោក ជិន ថាញ់មិន លើកទឹកដីកម្ពុជាពេលនេះ នឹងពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាមកាន់តែរឹងមាំ ខណៈស្ថានការណ៍ពិភពលោកវិវត្តទៅមុខយ៉ាងឆាប់រហ័ស និង ពិបាកប៉ាន់ស្មានបាន។
សម្តេច ហ៊ុន សែន បានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ លោក តូ ឡឹម និង ថ្នាក់ដឹកនាំវៀតណាម ដែលបានស្វាគមន៍ សម្របសម្រួល និងការពារសន្តិសុខល្អ ដល់ការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅខ្មែរក្រោមយ៉ាងរលូនដែលនេះបង្ហាញឱ្យឃើញកិច្ចសហប្រតិបត្តិការវប្បធម៌ល្អ និង ការថែរក្សាទំនៀមទំលាប់ខ្មែរក្រោម។សម្រាប់សម្តេច កត់សម្គាល់យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះពលរដ្ឋខ្មែរក្រោម ដែលគោរព និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទបញ្ញត្តិនានារបស់អាជ្ញាធរវៀតណាម។ហើយ សម្តេច ក៏បានស្នើឱ្យអាជ្ញាធរវៀតណាមគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់លើការ ថែរក្សាទំនៀមទម្លាប់ ប្រពៃណី និង ជំនឿសាសនារបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។
លោក ជិន ថាញ់មិន បានប្រាប់សម្តេច ហ៊ុន សែន វិញថា វៀតណាម និង កម្ពុជាជាប្រទេសភូមិផងរបងតែមួយ ការជួយគ្នាទៅវិញទៅមក គឺជាជាកត្តាសត្យានុម័ត និង កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្តិភាពតំបន់ និងពិភពលោក។ លោក ក៏បានប្តេជ្ញា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនិងជំនួបរវាងគណបក្ស សភា រដ្ឋាភិបាល និងរវាងប្រជាជន និង ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់នៃប្រទេសយើងទាំងពីរ។
លោក ជិន ថាញ់មិន តំណាងវៀតណាមទាំងមូល បានប្រកាសម៉ឺងម៉ាត់នូវគោលការណ៍មិនឱ្យកម្លាំងអមិត្តប្រើប្រាស់ទឹកដីប្រឆាំងប្រទេសជិតខាង និង ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ទប់ស្កាត់បទល្មើស និង ព័ត៌មានមិនពិត និងថែរក្សាការពារប្រភពទឹកទន្លេមេគង្គ។ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលបានផ្តល់អំណោយដល់វៀតណាម នៅពេលរងគ្រោះព្យុះយ៉ាហ្គី៕