681 ezgif.com resize
Swift cc time

«ស្ពានខ្ពស់ជាងគេ»នៅស្រុកខ្មែរឆ្លងកាត់៣ខេត្ត នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅមុនបុណ្យចូលឆ្នាំខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ស្ពានខ្ពស់ជាងគេនៅកម្ពុជា។​ ប្រភពរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ពោធិ៍សាត់៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ នៅខេត្តពោធិ៍សាត់ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូននៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងបណ្ដាញសង្គមផ្លូវការរបស់លោក។

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលជាស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅមុនបុណ្យចូលឆ្នាំខ្មែរ ពោលគឺ នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។ ស្ពាននេះស្ថិតក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលគម្រោងផ្លូវនេះ ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ស្ពានខ្ពស់ជាងគេនេះ មានចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។ សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ។ ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង។

គួរបញ្ជាក់ថា គម្រោងសាងសង់មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង