
ភ្នំពេញ៖ រយៈពេល៩ខែឆ្នាំ២០២៣ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ២០៣គ្រឿង ខណៈដែលរយៈពេលដូចគ្នានៅឆ្នាំ២០២៤នេះ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន១៦៤៤គ្រឿង ដែលមានន័យថា រថយន្តអគ្គិសនីមានសន្ទុះកើនឡើង៧១០% ខណៈដែលទោចក្រយានកើនឡើង ៣៦៨% ដោយឡែកត្រីចក្រយានថយចុះ-១៥%។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងជញ្ជូន បានឲ្យដឹងថា មកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧គ្រឿង ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា រយៈពេល៩ខែឆ្នាំ២០២៣ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន២០៣គ្រឿង ខណៈដែលរយៈពេលដូចគ្នានៅឆ្នាំ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន១៦៤៤គ្រឿង ដែលមានន័យថា រថយន្តអគ្គិសនីមានសន្ទុះកើនឡើង៧១០% ខណៈដែលទោចក្រយានកើនឡើង ៣៦៨% ដោយឡែកត្រីចក្រយានថយចុះ-១៥%។
.jpg?1732262509)
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានផ្តល់សេរីភាព និងជម្រើសកាន់តែសំបូរបែប សម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តមានកើនយ៉ាងខ្លាំង ជាពិសេសរថយន្តអគ្គិសនី៕