ម៉ានីល៖ ព្យុះទីហ្វុងមែនយីបានធ្វើការវាយប្រហារហ្វីលីពីនដែលបានបង្កឲ្យមានទឹកជំនន់កើនឡើងដល់កម្ពស់ជាង ៤ ម៉ែត្រ ហូរកាត់ផ្ទះរាប់ពាន់ខ្នងនៅភាគខាងជើងប្រទេសហ្វីលីពីន និងបានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនលានដុល្លារ។
តាមអាជ្ញាធរហ្វីលីពីនព្យុះទីហ្វុងមែនយីបានចូលដល់ប្រទេសហ្វីលីពីនកាលពីចុងសប្តាហ៍មុនដោយបានបោកបក់ឆ្លងកាត់ទន្លេ Cagayan ហើយបង្ខំឲ្យពលរដ្ឋរស់នៅក្បែរទន្លេនោះស្វែងរកកន្លែងទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន ។ កម្ពស់ទឹកទន្លេ Cagayan បានហក់ឡើងដល់៤ម៉ែត្របណ្តាលឲ្យជនលិចស្រែ និងដំណាំ ព្រមទាំងជន់លិចផ្ទះសម្បែងអស់ជាច្រើនម៉ឺនខ្នង។
ជាការឆ្លើយតបជាមួយនឹងព្យុះទីហ្វុងមែនយីអាជ្ញាធរហ្វីលីពីនបានបញ្ជូនទូកសង្រ្គោះបន្ទាន់ និងកងកម្លាំងសង្រ្គោះជាច្រើនពាន់នាក់ទៅកាន់ទីតាំងដែលកំពុងតែរងគ្រោះដោយសារព្យុះមែនយី។ អាជ្ញាធរហ្វីលីពីនបានអះអាងទៀតថាព្យុះទីហ្វុង មែនយី គឺជាព្យុះធំទីប្រាំមួយដែលបានវាយប្រហារប្រទេសហ្វីលីពីន។
ព្យុះនេះបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១៧១នាក់ស្លាប់ និងរាប់ពាន់នាក់គ្មានផ្ទះសម្បែង ព្រមទាំងបំផ្លាញដំណាំ និងបសុសត្វជាច្រើនម៉ឺនក្បាល។ដោយក្នុងមួយឆ្នាំមានព្យុះទីហ្វុងធំៗប្រហែល ២០បានវាយប្រហារប្រទេសនៅអាស៊ីអាគ្នេយ៍ រួមទាំងហ្វីលីពីន ដោយបានសម្លាប់មនុស្សអស់ជាច្រើនរយនាក់៕