សៀមរាប៖ កម្ពុជាក្លាយជាម្ចាស់ផ្ទះដំបូងគេបង្អស់នៅអាស៊ី និងជាប្រទេសទី៥នៅលើសកលលោក ដែលរៀបចំកិច្ចប្រជុំអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា)ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន។ កិច្ចប្រជុំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាមីននៅទូទាំងពិភពលោក។
កម្ពុជាក្លាយជាម្ចាស់ផ្ទះដំបូងគេបង្អស់នៅអាស៊ី និងជាប្រទេសទី៥នៅលើសកលលោក ដែលធ្វើជាប្រធាន និងម្ចាស់ផ្ទះក្នុងការដឹកនាំកិច្ចប្រជុំអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន។ កិច្ចប្រជុំនេះ មានការចូលរួមពី គណៈប្រតិភូមកពី ១៦៤ប្រទេស ដែលមានប្រតិភូប្រមាណ ៥២៣ នាក់ រួមទាំងស្ថានទូត និងកុងស៊ុលកិត្តិយសចំនួន ១៥ ព្រមទាំងដៃគូអភិវឌ្ឍន៍ប្រចាំនៅកម្ពុជាជាច្រើនផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តិទៅរៀងរាល់៥ឆ្នាំម្តង ដោយលើកទី១ធ្វើនៅប្រទេសកេនយ៉ា ឆ្នាំ ២០០៤ ,លើកទី២នៅប្រទេសកូឡុំប៊ីឆ្នាំ២០០៩ ,លើកទី៣នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ ,លើកទី៤នៅប្រទេសន័រវែស ឆ្នាំ២០១៩ និងលើកទី៥នៅប្រទេសកម្ពុជាឆ្នាំ២០២៤ នេះ។ កិច្ចប្រជុំឆ្នាំនេះ ផ្តោតទៅលើការជំរុញឲ្យប្រទេសដទៃដែលមិនមែនជារដ្ឋភាគីចូលរួមអនុវត្តអនុសញ្ញានេះ រួមទាំងពង្រឹងការអនុវត្តការបោសសម្អាតមីនប្រឆាំងមនុស្ស និងជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ៕