ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៧ វិច្ឆិកា បានចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម ដែលជាទីក្រុងថ្មីរបស់ខេត្តព្រះសីហនុ និងប្រកាសផ្ដល់សិទ្ធិឱ្យរដ្ឋបាលខេត្តរៀបចំមន្រ្តីផ្ទេរចូលជាកញ្ចប់ឱ្យត្រឹមត្រូវ។ការសម្រេចនេះ គឺធ្វើឡើងក្នុងពេលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យទីតាំងត្រូវសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម ស្ថិតនៅភូមិអុង សង្កត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
កំពង់សោម ជាក្រុងថ្មី ដែលត្រូវបានសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យបង្កើតឡើង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាង ឃុំអូឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។
ក្រោយចប់អុំទូកភ្លាមលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារជំនាញ ពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម រួមទាំងមន្រ្តីជំនាញ បានធ្វើបទបង្ហាញ អំពីទីតាំងភូមិសាស្រ្តជាក់ស្ដែង និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងទីតាំងត្រូវកំណត់ក្នុងគម្រោងប្លង់សង់អគាររដ្ឋបាល រួមទាំងអគារអង្គភាពចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដូចជាអធិការដ្ឋាននគរបាលក្រុង បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ផ្នែកសឹករងក្រុង និងសាខាកាកបាទក្រហមកម្ពុជាក្រុងជាដើម។
បញ្ចប់ការពិនិត្យទីតាំងផ្ទាល់ លោក ស សុខា បន្តដំណើរឆ្ពោះទៅកាន់សាលាខេត្តព្រះសីហនុ ពិនិត្យស្ថានភាពអគាររដ្ឋបាលសាលាខេត្តដែលស្ថិតក្នុងអន្តរកាលនៃការសាងសង់ ព្រមទាំងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគាររដ្ឋបាលសាលាក្រុងកំពង់សោម រួមទាំងកិច្ចការពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនោះ លោក ស សុខា បានប្រកាសផ្ដល់សិទ្ធិទាំងស្រុងជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំមន្រ្តីផ្ទេរពីអង្គភាពផ្សេងៗចូលទៅបម្រើការងារនៅរដ្ឋបាលសាលាក្រុងកំពង់សោម ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ដោយត្រូវរៀបចំជាកញ្ចប់ និងធានាថាមន្រ្តីទាំងនោះ នឹងមិនផ្ទេរចេញទៅវិញ៕