ភ្នំពេញ៖ លោក សាន សាង គឺជាប្រជាពលរដ្ឋខ្មែរកម្ពុជា កាលពីថ្ងៃទី ១៣ វិច្ឆិកា ត្រូវបានព្រះមហាក្សត្រកម្ពុជាត្រាស់បង្គាប់តែងតាំងលោកជាទីប្រឹក្សាសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។នេះបើយោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោក សាន សាង ជាកូនខ្មែរមានឈាមជ័រខ្មែរកម្ពុជាក្រោម កើតនៅខេត្តព្រះត្រពាំង។ លោកបានចូលប្រឡូកក្នុងឆាក នយោបាយជាមួយបក្សប្រឆាំងអស់ជាច្រើនឆ្នាំមកហើយ ធ្លាប់ជាអតីតតំណាងរាស្ត្ររបស់បក្ស សម រង្ស៉ី ជាសមាជិកគណៈកម្មការនាយករបស់បក្សសម រង្ស៉ី និង បន្តជាសមាជិកគណៈកម្មការនាយកអតីតបក្សសង្គ្រោះជាតិ។លុះឆ្នាំ ២០២៤ លោក សាន សាង បានសម្រេច ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សាន សាង ជាស្ថាបនិកបង្កើតទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ» នៅឆ្នាំ២០០២។ ក្រោយ ពេល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកក៏បានជួយ រៀបចំ ដង្ហែ អង្គ កឋិន ទានទៅវត្តស្វាយសៀមថ្មី នៅទឹកដីខ្មែរកម្ពុជាក្រោម ដែលជាការផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២៤នេះ ទូកង «ខ្មែរកម្ពុជាក្រោមមានជ័យ»ទទួលបានជ័យជំនះទទួលពានជាលើកដំបូងពី ព្រះមហាក្សត្រ តាមរយៈការជួយឧបត្ថម្ភពីសម្តេច ហ៊ុន សែន និង អាចមានទូកងខ្នាតវែង មួយ គ្រឿង នៅឆ្នាំ២០២៥ ដើម្បីជួយផ្សព្វផ្សាយពីខ្មែរកម្ពុជាក្រោម៕