កំពង់ឆ្នាំង៖ លោកគ្រូអ្នកគ្រូនៃសាលាចំណេះទូទៅឯកជនបុរីវិជ្ជា បានដឹកនាំសិស្សានុសិស្សចូលទស្សនាស្វែងយល់នៅសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ពីមរតកវប្បធម៌ វត្ថុបុរាណខ្មែរនៅក្នុងសារមន្ទីរ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាចំណេះទូទៅឯកជនបុរីវិជ្ជា បានចូលរួមទស្សនាស្វែងយល់នៅសារមន្ទីរខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់អំពីមរតកវប្បធម៌ខ្មែរជាច្រើនចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត រហូតដល់សម័យបច្ចុប្បន្ន ដែលបានប្រមូលផ្តុំមកពីបុរាណដ្ឋាន និងរមណីដ្ឋានប្រាសាទនានាក្នុងខេត្តកំពង់ឆ្នាំង។ សារមន្ទីរនេះមានតាំងវត្ថុសិល្បៈអំពីថ្ម ជាផ្តែរទ្វារ សិលាចារឹក សសរពេជ្រ និងវត្ថុមួយចំនួនទៀត ដែលទើបបានមកពីការសិក្សាស្រាវជ្រាវរបស់ក្រុម (NARA) នៅលើទីតាំងវត្តបឹងខ្នារ ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ដែលវត្ថុទាំងនោះជារបស់ទាក់ទងទៅនឹងជាតិពិន្ទុវិទ្យា។
ការទស្សនាស្វែងយល់នៅសារមន្ទីរខេត្តកំពង់ឆ្នាំងនេះ បានផ្តល់ឱកាសដល់សិស្សានុសិស្សបានចូលសិក្សាស្វែងយល់ពីការអភិវឌ្ឍនៃវប្បធម៌ខ្មែរនាសម័យបុរាណមកដល់បច្ចុប្បន្ន នឹងស្គាល់តម្លៃដ៏ថ្កើងថ្កាននៃខ្មែរ៕