ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១២ វិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ សម្រេចឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ពីបទប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលឈ្មោះ ឡាយ វិសិដ្ឋ បានយកប្រាក់ចំនួន ៥៧ម៉ឺនដុល្លារទៅឱ្យឈ្មោះ លី សាម៉េត និង ឈ្មោះ ឡាច សំរោង ក្នុងចេតនា ដើម្បីសូកប៉ាន់ទទួលបានតំណែងជាអភិបាលខេត្ត។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ បានគូសបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ បានយកប្រាក់ចំនួន ៥៧០,០០០ដុល្លារ ទៅឱ្យឈ្មោះ លី សាម៉េត និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលបានតំណែងជាអភិបាលខេត្ត។
បើតាមតុលាការ ជនត្រូវចោទមានខ្លួនឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស អាយុ ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ព្រមទាំងជនត្រូវចោទចំនួន ២នាក់ទៀត គឺ១.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និង២.ឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕