សត្វកស ឬ កុកពាក់អំបោះ(Woolly-necked Stork) ជាប្រភេទបក្សីដែលនិយមរស់នៅតំបន់ដីសើម ជាពិសេសនៅតាមបណ្ដាខេត្តជាប់ទន្លេសាបនៃប្រទេសកម្ពុជា។ កន្លែងពងកូនធំជាងគេរបស់កុកពាក់អំបោះ គឺស្ថិតនៅតំបន់ព្រែកទាល់ ក្នុងបឹងទន្លេសាប។ សត្វស្លាបប្រភេទនេះ ត្រូវបានចាត់ចូលក្នុងបញ្ជីរក្រហមពិភពលោក IUCN ជាប្រភេទសត្វជិតរងការគំរាមកំហែង ហើយចំនួនរបស់វានៅលើពិភពលោកកំពុងមានការធ្លាក់ចុះអាស្រ័យដោយការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ទីជម្រកជាដើម។
អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងថាដែនជម្រកសត្វព្រៃលំផាត់ ខេត្ត រតនគិរី ជាទីតាំងជម្រកដ៏សំខាន់និងមានសុវត្តិភាពរបស់បក្សីប្រភេទនេះ និងជីវចម្រុះដ៏ទៃផ្សេងទៀត។ បក្សីដ៏គួឲ្យស្រលាញ់នេះត្រូវបានរកឃើញមានការបន្តពូជជារៀងរាល់ឆ្នាំនៅដែនជម្រកសត្វព្រៃលំផាត់។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថានារដូវបន្តពូជរបស់បក្សីនេះ គឺចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ពួកវាចូលចិត្តធ្វើសំបុកលើដើមឈើធំៗ ដែលដុះនៅតាមមាត់ទន្លេ ឬអូរ។ ក្នុងរដូវបន្តពូជឆ្នាំ២០២៤នេះ គិតមកត្រឹមខែតុលាឆ្នាំ២០២៤ សំបុកសត្វកុកពាក់អំបោះចំនួន ៥សំបុកនិងមានកូនសរុបចំនួន ៩ក្បាល ត្រូវបានកត់ត្រាបាននៅដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងដែលយើងបានធ្វើការអភិរក្សនិងការពារយ៉ាងសកម្មតាមរយ:គម្រោងរេដបូក។
គួរបញ្ជាក់ថាបក្សីប្រភេទនេះរស់នៅតាមទំនាបលិចទឹក និងតំបន់ដីសើមក្នុងព្រៃល្បោះ។កុកពាក់អំបោះមានទំហំចាប់ពី៧៥-៩១សង់ទីម៉ែត្រ ហើយខ្លួនទាំងមូលរបស់វាមានពណ៌ខ្មៅរលោង លើកលែងតែ ក ផ្នែកខាងក្រោមពោះ និងក្រោមកន្ទុយរបស់វាមានពណ៌ស៕