ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦។ នេះបើតាមការស្តង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. NEWS & WORLD REPORT។ លទ្ធផលនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន ក្នុងនោះមានគ្រប់គ្រងបរិស្ថានបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ U.S. NEWS & WORLD REPORT និងបានផ្សាព្វផ្សាយតាមគេហទំព័រ SEA INFOGRAPHICS បានបង្ហាញថាកម្ពុជា ជាប្រទេសដែលមានបរិស្ថានធម្មជាតិ ដ៏ល្អជាងគេបំផុតនៅលើពិភពលោក ហើយកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អជាងគេបំផុតនៅក្នុងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា "យុទ្ធសាស្ត្រចក្រាមានសសរស្ដម្ភបី ភាពស្អាត ភាពបៃតង និងចីរភាព។ ភាពស្អាតមានសសរស្ដម្ភបីដែរ នោះគឺភាពស្អាតក្នុងខ្លួន ភាពស្អាតក្រៅខ្លួននៅក្នុងប្រទេសកម្ពុជា និងភាពស្អាតលើឆាកអន្តរជាតិ។ នៅពេលនេះភាពស្អាតទាំងបីកំពុងលេចចេញជារូបរាងហើយ។"
បើតាមក្រសួងបរិស្ថាន ប្រទេសកម្ពុជា មានការគ្រប់គ្រងតំបន់ការពារធម្មជាតិរហូតដល់៧៣តំបន់ និងមានផ្ទៃដីជាង ៧លានហិកតា (ប្រមាណ ៤១% នៃផ្ទៃដីប្រទេស) ដែលជាកត្តាធ្វើឱ្យព្រៃឈើ ត្រូវបានការពារនិងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។
ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងជំរុញការដាំស្តារព្រៃឈើ ក្នុងនោះក្រសួងបរិស្ថានបានជំរុញសកម្មភាពបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋដាំ យ៉ាងតិចចំនួន១លានដើម ដែលមិនត្រឹមតែស្តារព្រៃឈើ និងបង្កើនគម្របបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនសេដ្ឋកិច្ចសហគមន៍ ព្រមទាំងឆ្លើយតបនឹងគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕