681 ezgif.com resize
Swift cc time

កម្ពុជា-សហភាពអឺរ៉ុប សហការផ្សព្វផ្សាយយុទ្ធនាការ«កម្ពុជានារដូវកាលបៃតង»ទាក់ទាញភ្ញៀវទេសចរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ឧសភា បាននាំយកនូវសក្តានុពលទេសចរណ៍កម្ពុជា និងទស្សនាកម្ពុជានារដូវកាលបៃតងកម្ពុជា ទៅបង្ហាញជូនក្នុងឱកាសបើកយុទ្ធនាការ «សហភាពអឺរ៉ុប - នៅទីនេះជាមួយអ្នក» របស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលជាការសហការជួយផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីបើកយុទ្ធនាការ «សហភាពអឺរ៉ុប - នៅទីនេះជាមួយអ្នក» ដែលរៀបចំដោយស្ថានទូតសហភាព អឺរ៉ុបប្រចាំកម្ពុជា ជាមួយលោក អ៊ីហ្គ័រ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហភាពអឺរ៉ុប ព្រមទាំងឆ្លុះបញ្ចាំងពីការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះកម្ពុជា ជាពិសេសតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជន ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ សិល្បៈ និងសកម្មភាពច្នៃប្រឌិត។ល។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាក្នុងរដូវបៃតង ចាប់ពីខែឧសភា ដល់ ខែតុលា ដើម្បីទទួលបានបទពិសោធថ្មីៗ ជាមួយទេសភាពបៃតងស្រស់ស្អាត វប្បធម៌ដ៏សម្បូរបែប និងការផ្តល់ជូនពិសេសជាច្រើនលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរ ស្របតាមទិសស្លោករបស់រដូវកាលបៃតង «៦គួរ»។

១. គួរចង់ឃើញ៖ ទស្សនាទេសភាពធម្មជាតិ ព្រៃភ្នំខៀវស្រងាត់ ទឹកជ្រោះហូរធ្លាក់ និងវាលស្មៅបៃតងខ្ចី។ ២. គួរស្នាក់នៅ៖ សម្រាកលំហែតាមផ្ទះសំណាក់ រីសត ឬសណ្ឋាគារដែលពោរពេញដោយខ្យល់អាកាសបរិសុទ្ធ និងមានការបញ្ចុះតម្លៃពិសេសៗ។ ៣. គួរភ្លក្ស៖ សាកល្បងម្ហូបអាហារតាមតំបន់ ផ្លែឈើស្រស់ៗ និងភេសជ្ជៈពិសេសៗនារដូវវស្សា។ ៤. គួរទស្សនា៖ រុករកតំបន់បេតិកភណ្ឌ តំបន់ការពារធម្មជាតិ និងសហគមន៍អេកូទេសចរណ៍ (ដូចជាតំបន់អង្គរ ខេត្តមណ្ឌលគិរី ឬខេត្តរតនគីរី)។ ៥. គួរសាកល្បង៖ បទពិសោធន៍នៃការដើរព្រៃ ជិះទូកកម្សាន្ត មើលសត្វស្លាប និងការស្វែងយល់ពីវប្បធម៌ជនជាតិដើមភាគតិច។ ៦. គួរទិញ៖ ទិញផលិតផលសិប្បកម្ម កសិផលធម្មជាតិ និងវត្ថុអនុស្សាវរីយ៍ពីសហគមន៍មូលដ្ឋាន៕

Khcct banner

អត្ថបទទាក់ទង